(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត​ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន បានអញ្ជើញជាអធិបតីអនុមោទនាពិធីបុណ្យពិធីបុណ្យលើកជហ្វាព្រះវិហារថ្មី​វត្តប្រាសាទរលំជ្រៃ​ (ព្រះវិហារថ្មីតម្លៃកសាង៣២០៦០៨ដុល្លារ) និងបន្តជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ ប្រជាពលរដ្ឋ​ ព្រះសង្ឃ​ មកពីភូមិទទា រលំជ្រៃ គោកស្វាយ កាប់ចោរ ថ្មីលិច ថ្មីត្បូង​ ថ្មីកណ្ដាល​ នៅឃុំភូមិថ្មី​ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួមជាង៤០០០អង្គ/នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រធានគណបក្ស​, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្ស​។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមថា​ ក្រោមយុទ្ធសាស្រ្តឈ្នះ​ឈ្នះ​ និងគោលនយោបាយសុខដុមរមណីកម្មសង្គមជាតិ​ កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន​បានបញ្ចប់សង្រ្គាម​បង្ហូរឈាមខ្មែរ​និងខែ្មរ និងបង្រួមបង្រួមជាតិ​បានដោយខ្លូនឯង ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តជាមួយសន្តិភាពដោយគ្មានការរើសអើង​ប្រកាន់ពូជសាសន៍​ ពណ៌សម្បុរ ។ល។​ ហើយបានប្រែក្លាយតំបន់វាយប្រយុទ្ធគ្នាទាំងនោះ ទៅជាអភិវឌ្ឍន៍​មានហេដ្ឋារចនាសម្ព័ន្ធ​រួមមាន៖ មន្ទីរពេទ្យ​ វត្តអារាម ​ផ្លូវថ្នល់ ស្ពានស្អាត​ងាយស្រួលទៅទទួលសេវា​ គោរពបូជា​ និងធ្វើដំណើរ​ ដឹកជញ្ជូនកសិផល​, ​មានអគ្គិសនីប្រើប្រាស់​​តំលៃកាន់តែថោក ​ និងដាក់ពង្រាយសាលារៀន​ រោងចក្រឧស្សាហកម្ម​មកដល់មូលដ្ឋាន ​ដើម្បីបណ្តុះបណ្តាលបង្កើនធនធានមនុស្ស បំពេញសេចក្តីត្រូវការទីផ្សារការងារ​ ផ្តល់ឱកាសការងារ​បានប្រាក់ខែ ប្រាក់ចំណូលខ្ពស់ជូនគ្រួសារកាត់បន្ថយបាននូវភាពក្រីក្រ​ អវិជ្ជា​ ជូនបងប្អូនប្រជាពលរដ្ឋ​ ក្មួយៗយុវជន​ យុវនារី​យើងមានអនាគតល្អ​។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក​ សមាជិកា​ទាំងអស់ នៃគ្រូសារអ្នកស្រុកថ្មពួកដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាព​ជាមួយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន​ គ្រប់ៗអាណត្តិកន្លងមក​ ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀតនៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ រូបសញ្ញាទេវតាបាចផ្កា​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត ស្រួលគូស​ ដើម្បីសម្តេចតេជោ ហ៊ុន​ សែន​ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា​ មានផ្លូវគមនាគមន៍ស្អាត​ និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិ​មានតំលៃថោក​។

ជាមួយទឹកចិត្តសុទ្ធាជ្រះថ្លា​ និងផ្តល់ចំណេះដឹងនាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងលោកជំទាវ​ ម៉ៅ​ ម៉ាល័យ​ បានផ្តល់សាលា១ខ្នង ៥បន្ទប់ដល់សាលាបឋមសិក្សារលំជ្រៃ និងប្រគេនបច្ច័យកសាងវត្តផងដែរ៕