(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ​មានរៀបចំពិធីប្រគល់ម៉ូតូចំនួន​៣៤គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣៤ ក្នុងខេត្តស្ទឹងត្រែង នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្ត ​និងលោក លោកស្រី​ ស្នងការរង ការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុកទាំង៥ និងនាយប៉ុស្តិ៍គរបាលរដ្ឋបាលទាំង៣៤ ក្នុងខេត្តស្ទឹងត្រែង។​

ថ្លែងនៅក្នុងពិធីនេះ លោកអភិបាលខេត្ត បានជំរុញដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបន្ថែមទៀត និងត្រូវខិតខំប្រឹងប្រែងការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ជូនពួកគាត់ឲ្យបានគ្រប់ពេលវេលា។​

ជាងនេះទៅទៀត នៅចំពោះមុខ គឺត្រូវការពារសណ្តាប់ធ្នាប់ឲ្យបានល្អ ដល់បណ្តាគណបក្សនយោបាយនានា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការិយាល័យបោះឆ្នោត ដែលបាននឹងកំពុងប្រព្រឹត្តឡើងនាពេលនេះ។​

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ឲ្យថែរក្សានូវទោចក្រយានយន្ត ដែលប្រគល់ជូននាពេលនេះ ត្រូវយកទៅប្រើប្រាស់ក្នុងក្របខណ្ឌបម្រើផលប្រយោជន៍ ថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

សូមជម្រាបថា ការប្រគល់ម៉ូតូពីសំណាក់សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ​គឺជាលើកទីបួនហើយ​ដែលក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ម៉ូតូដល់​ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់កងកម្លាំងក្នុងការ​បម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយក្រៅពីប្រគល់នូវ​ទោចក្រយានយន្ត ក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់នូវសាំង ចំនួន១២០លីត្រ និងថវិកាចំនួន១២០០,០០០រៀល ក្នុងមួយត្រីមាសផងដែរ៕