(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន​ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រគល់ម៉ូតូចំនួន១០៩គ្រឿង ដែលជាអំណោយរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនដល់នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៩ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្នុងពិធីនេះក៏មានការចូលរួមពី​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងគណៈស្នងការ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអនុប្រធានផែនជំនាញ លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលស្រុក​ទាំង១០ លោកនាយប៉ុស្តិ៍នគរបាលស្រុក ក្រុង និងកងកម្លាំងអន្តរាគមន៍ពិសេស សរុប​៣០៧នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំដល់កម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្ដខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះបី​កន្លងមកកម្លាំងនគរបាលទាំងអស់ បានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួន តាមច្បាប់កំណត់ ដោយទទួលបានលទ្ធផលល្អប្រសើរ​ជាបន្ដបន្ទាប់មកហើយនោះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ លោកបានបញ្ជាឲ្យកម្លាំងទាំងអស់ដាច់ខាតត្រូវតែការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យខាងតែបាន ដើម្បីឲ្យដំណើរការបោះឆ្នោតដ៏ធំមួយនេះដំណើរការយ៉ាងរលូន។

​ក្នុងឱកាស​ប្រគល់​ម៉ូតូ​នេះដែរ លោក​ គួច ចំរើន​ បាន​ថ្លែង​ផ្តាំផ្ញើ​ដល់​អស់លោក​ជា​នាយប៉ុស្តិ៍ ត្រូវ​ចេះ​ថែរក្សា​ម៉ូតូ​នេះឲ្យបាន​ល្អ​ដើម្បី​ប្រើប្រាស់​បានយូរអង្វែងក្នុងការ​ធ្វើដំណើរ​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​គ្រប់គ្រង រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាពជូន​បងប្អូន​ប្រជាពលរដ្ឋ ហើយត្រូវកាត់បន្ថយចំណុចអសកម្ម និងយកចិត្តទុកដាក់បម្រើសេវា​ជូនបងប្អូនប្រជាពរដ្ឋ។

បើតាមលោកអភិបាលខេត្តកំពង់ចាម ​ទោចក្រយានយន្តដែលជារបបថ្មីនេះ ត្រូវចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងត្រូវការពារដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះឲ្យខាងតែបាន ដោយមិនត្រូវ​យកម៉ូតូនេះទៅ​ប្រើប្រាស់អ្វី​ឲ្យខុសពី​វិជ្ជាជីវៈរបស់ខ្លួន ត្រូវ​ប្រើប្រាស់​ក្នុង​ក្របខណ្ឌ​បម្រើ​ប្រជាពលរដ្ឋ។​

សូមជម្រាបថា ការប្រគល់ម៉ូតូពីសំណាក់សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ​គឺជាលើកទីបួនហើយ​ដែលក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ម៉ូតូដល់​ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់កងកម្លាំងក្នុងការ​បម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយក្រៅពីប្រគល់នូវ​ទោចក្រយានយន្ត ក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់នូវសាំង ចំនួន១២០លីត្រ និងថវិកាចំនួន១២០០,០០០រៀល ក្នុងមួយត្រីមាសផងដែរ៕