(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកបន្តនូវសកម្មភាព ព្យាបាលជំងឺកុមារក្រីក្រជាច្រើន នៅក្នុងប្រទេសកម្ពុជា និងជាការចូលរួមក្នុងសកម្មភាពសង្គមផងនោះ ពិធីករលោក ឌីជេ ហេរ៉ូ បាននាំយកថវិកាប្រមាណ ១ម៉ឺនដុល្លារអាមេរិក របស់ម្ចាស់បុរី «RN VIP» ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយមានការចូលរួម ពីសំណាក់អ្នកសិល្បៈ ជាច្រើនរូបផងដែរ។

​ពិធីករលោក ឌីជេ ហេរ៉ូ ​ជាអ្នកតំណាងមួយរូបរបស់ម្ចាស់បុរី បានថ្លែងប្រាប់ឲ្យដឹងថា សរុបទាំងទឹកប្រាក់ ដែលបានប្រគល់ជូននៅថ្ងៃនោះ​ គឺមានចំនួនប្រមាណជា១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដោយថវិកា១ម៉ឺនដុល្លារនេះ គឺបន្ថែមពីលើការបំពាក់ម៉ាស៊ីបន្សុទ្ធទឹកចំនួន៦គ្រឿង ជូនដល់មន្ទីរពេទ្យរួចរាល់ហើយដែរ។ លោក និងក្រុមការងាររបស់បុរី RN VIP ជាច្រើនរូប ​ត្រូវជំនួសមុខឲ្យលោក វ៉ន វណ្ណៈ ម្ចាស់បុរី ហើយបានធ្វើពិធីប្រគល់ម៉ាស៊ីទាំងនោះជូនមន្ទីរពេទ្យ ដោយក្នុងពិធីនោះ ក៏មានការប្រគល់ទឹកប្រាក់ចំនួន២០លានរៀល និងមានការចែកកែវទឹក ដែលអាចរក្សាកំដៅ និងភាពត្រជាក់បាន ប្រមាណជា២០០កែវផង ជូនដល់គ្រួសារអ្នកជំងឺ និងអ្នកជំងឺ។

លោកឌេជេ ហេរ៉ូ និយាយ លោកមានអារម្មណ៍សប្បាយចិត្តណាស់ ដែលម្ចាស់ជំនួញធំៗច្រើនឡើង កាន់តែងាកមករួមចំណែកជួយសង្គម ជាពិសេសគឺជួយបរិច្ចាគនូវផលចំណេញ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យដ៏ធំ ជួយព្យាបាលកុមារក្រីក្រនៅក្នុងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។

យ៉ាងណាមិញ មិនខុសពីការសន្យា ដែលធ្លាប់ប្រកាសថា នឹងជួយបំពាក់ម៉ាស៊ីនបន្សុទទឹកជាច្រើន គ្រឿងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា លោក វ៉ន វណ្ណៈ ម្ចាស់បុរី RN VIP ពិតបានដំឡើងម៉ាស៊ីបន្សុទ្ធទឹកប្រភេទេនេះ រហូតដល់៦គ្រឿង នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាមែន ដោយពិធីប្រគល់ត្រូវបានធ្វើឡើងតាមរយៈ ឌីជេ ហេរ៉ូ និងបុគ្គលិកជាច្រើនរូបរបស់បុរី RN VIP។ ​លោក ហេរ៉ូ បន្តថា ការប្រគល់ថវិកា និងឧបករណ៍បន្សុទ្ធទឹកជូនដល់មន្ទីរពេទ្យនេះ គឺតបតាមការស្នើសុំរបស់មន្ទីរពេទ្យ ក្នុងពេលដែលខាងមន្ទីរពេទ្យ បានឲ្យម្ចាស់បុរី RN VIP លោក វ៉ន វណ្ណៈ ជាជួយបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតឲ្យអ្នកជំងឺ និងក្រុមគ្រូពេទ្យបានទទួលទាន ដើម្បីជាការកាត់បន្ថយការចំណាយលើទឹកសុទ្ធ ដើម្បីឲ្យបុគ្គលិក និងអ្នកជំងឺមានទឹកស្អាតទទួលទាន។

​ម៉ាស៊ីបន្សុទ្ធទឹកនោះ មិនត្រឹមតែបំលែង​ទឹកម៉ាស៊ីពីក្បាលរ៉ូម៉ានេ ឲ្យក្លាយជាទឹកបរិសុទ្ធគ្មានមេរោគប៉ុណ្ណោះទេ ប៉ុន្តែទឹកនោះក៏មានគុណប្រយោជន៍ សម្រាប់ឆុងទឹកដោះ​គោបាន​ ដូចទឹកឆ្អិនផងដែរ ដែលលោកបានហៅវត្តមានម៉ាស៊ីន ឬឧបករណ៍ចម្រោះទឹកស្អាត ​ដែលបានបំពាក់នោះ​ថា ជាការបំពេញតម្រូវការយ៉ាង​ប្រសើរដល់អ្នកជំងឺ ក្នុងការកាត់បន្ថយជំងឺពីការទទួលទានទឹកមិនស្អាត និង​ពីការចំណាយលុយលើការទិញទឹក។ ​កាលពីលើកទឹក១ បងធម៌របស់លោក ដែលជាម្ចាស់បុរី បានបរិច្ចាគថវិកាប្រមាណ៥លាន ជួយដល់មន្ទីរពេទ្យម្ដងហើយ ហើយមកពីបងធម៌ខ្លួន មើលឃើញពីកង្វះខាត ដែលមានការចាំបាច់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទើបសម្រេចបំពាក់ទាំងម៉ាស៊ីនទឹកស្អាតអោយ និងបន្ថែមទាំងប្រាក់២០លានរៀលទៀត ដោយមិនរាប់បញ្ចូល ការចុះចែកលើកែវទឹកអនាម័យជាច្រើនរយកែវ ជូនដល់គ្រួសារអ្នកជំងឺ។

សូមបញ្ជាក់ថា ក្នុងពិធីនោះ លោកក៏បានគៀរគរតារាសិល្បៈមួយចំនួនរួមកញ្ញា ឌួង ហ្សូរីដា និងកញ្ញា ឌួង ហ្សូរីម៉ា ឲ្យមកចូលរួមផងដែរ ដើម្បីរួមគ្នាចែករំលែកអំពើល្អ ដែលជាចំណែកទានរបស់ម្ចាស់បុរី RN VIP ដើម្បីឲ្យបានគ្នាកុះករ​៕