(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅដើមរដូវវស្សានេះ បានធ្វើឲ្យផ្លូវជាតិនៅទូទាំងប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននោះ ខូចខាតប្រវែងសរុបប្រមាណ ៨៩គីឡូម៉ែត្រហើយ។

កំណាត់ផ្លូវដែលរងការខូចខាតនោះ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៤ ជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ដេ និងផ្លូវលេខ១៣២ជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងឲ្យដឹងបែបនេះ ក្នុងពេលដែលរូបលោកអញ្ជើញចុះពិនិត្យស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៤ និងបណ្តាផ្លូវជាតិមួយចំនួនទៀតដែលកំពុងខូចខាតក្នុងរដូវភ្លៀងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវដែលរងការខូចខាតនឹងចាប់ផ្តើមជួសជុលឡើងវិញនៅរដូវរាំងភ្លៀង។ លោកក៏បានសុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋចំពោះការពិបាកធ្វើដំណើរដោយសារផ្លូវខូចនាអំឡុងពេលនេះផងដែរ។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បន្តអំពាវនាវដល់អ្នករកស៊ីដឹកជញ្ជូនឲ្យបង្វែការដឹកជញ្ជូនទំនិញតាមផ្លូវដែក និងកុំដឹកលើសទម្ងន់នាំឲ្យខូចផ្លូវធ្ងន់ធ្ងរ៕