(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ធំ១ និងភូមិប្ញស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យជិត២០០០គ្រួសារ ស្មើ១៥៦៥ក្បាលដី ត្រូវបានរាជរដ្ឋាភិបាលប្រទានកម្មសិទ្ធិដីធ្លីជូន ក្រោយពីរស់នៅគ្មានប័ណ្ណកម្មសិទ្ធិកន្លងមកនេះ។ ការប្រកាសផ្តល់ជូននេះ បានធ្វើនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបរិវេណវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

​លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​រាជធានីភ្នំពេញ បានឲ្យដឹងថា ដីនេះដើមឡើយ ជាដីរដ្ឋ ដោយមើលឃើញថា ប្រជាពលរដ្ឋបានរស់នៅ មិនទាន់មានប័ណ្ណកម្មសិទ្ឋិនោះ រាជរដ្ឋាភិបាលក៏បានធ្វើប្រទានកម្មជូន និងបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ក្នុងនោះបានផ្តល់ជូនប្រជាពលរដ្ឋ បានចំនួន ១៥៦៥ក្បាលដី ។

លោកបានឲ្យផងដែរថា ការបិទផ្សាយទិន្នន័យក្បាលដី ដែលទើបចុះបញ្ជី ​នាពេលនេះ ក្នុងគោលដៅឲ្យបងប្អូនម្ចាស់ដីទាំងអស់ មកពិនិត្យមើល ឈ្មោះម្ចាស់ ដី អក្ខរាវិរុទ្ធ ប្រភេទទ្រព្យ និងទំហំដី ។ ប្រសិនបើបងប្អូន ប្រជាពលរដ្ឋណាមិនយល់ រឺសង្ស័យលើទិន្នន័យដែលពាក់ព័ន្ធ និងក្បាលដីរបស់ខ្លួន បងប្អូនមានសិទ្ធិ សុំឲ្យមន្ត្រី ជំនាញពន្យល់បំភ្លឺ ខ្លឹមសារ ទិន្នន័យក្បាលដី ផ្តល់ដំណឹង ដល់គណៈកម្មាការរដ្ឋបាល នូវរាល់ការជំទាស់របស់ខ្លួន ដើម្បីពិនិត្យនិងធ្វើការកែតំរូវ ។

ការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ដោយមិនគិតថ្ងៃសៅ ថ្ងៃអាទិត្យ ឬបុណ្យទានឡើយ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានជំរុញឲ្យមន្ត្រីដែនដី ត្រូវធ្វើទាំងថ្ងៃសោរ៍ អាទិត្យ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋឲ្យបានលឿន ជៀសវាងទុកយូរកើតជាបញ្ហាលាប់។ លោកបន្តថា យើងបានបំពេញការងារ ជូនបងប្អូនប្រជាពលរដ្ឋហើយ នៅតែបងប្អូនត្រូវជួយមកពួកយើងខ្ញុំវិញ បងប្អូនធ្វើបុណ្យចង់បានបុណ្យ ឯយើងខ្ញុំធ្វើបុណ្យ ក៏ចង់បានបុណ្យដែរ។ ដូច្នេះកុំភ្លេចទៅបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខ។

​លោក ឃួង ស្រេង អភិបាលរាជធានីភ្បំពេញ បានបន្ថែមថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាវិធីសាស្រ្តមួយដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានច្បាស់លាស់ មាន ប្រសិទ្ធិភាព និងមានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងការកាន់ កាប់ដីធ្លី និងធានាសុវត្ថិភាពលើដីធ្លី។ ប្រការនេះគឺជាការរួម ចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយកាត់បន្ថយភាពក្រីក្រ និងការ អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់ប្រទេសជាតិ ប្រកបដោយចិរភាព និងសុខដុមរមនា៕