(ភ្នំពេញ)៖ ក្រុមហ៊ុន Innotality ដែលជាក្រុមហ៊ុនសាជីវកម្មខ្មែរឈានមុខមួយ បានរៀបចំដំណើរទស្សនកិច្ចការងារ ប្រចាំឆ្នាំ សម្រាប់បុគ្គលិកផ្នែកលក់ និងទីផ្សារ (SMAC – Sales & Marketing Annual Conference) មកកាន់រាជធានីភ្នំពេញ រយៈពេល២យប់៣ថ្ងៃ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារ ក្នុងផ្នែករកចំណូលជួរមុខ (Primary Revenue) ដែលបាន សម្រេចបាននូវគោលដៅប្រចាំឆ្នាំ របស់ក្រុមហ៊ុន លើសពីអ្វីដែលបានរំពឹងទុក។

កម្មវិធីប្រចាំឆ្នាំនេះ គឺជាឱកាសដ៏ពិសេសមួយសម្រាប់បុគ្គលិកឆ្នើម ដែលភាគច្រើនឋិតក្នុងចន្លោះវ័យ២០ឆ្នាំ (young Cambodian talents) ដើម្បីចូលរួម ក្នុងសន្និសីទប្រចាំឆ្នាំស្តីពីការកំណត់ និងរៀបចំយុទ្ធសាស្រ្តសម្រាប់ប្រតិបត្តិរួមគ្នា និងសម្រេចឲ្យបាននូវផែនការរបស់ក្រុមហ៊ុន ទាំងមូលនាបំណាច់ឆ្នាំថ្មីខាងមុខ។

នេះក៏ជាឱកាសសម្រាប់ក្រុមការងារ ក្នុងការទទួលបាននូវបទពិសោធន៍ នៃភាពជោគជ័យ និងចំនុចដែលត្រូវបំពេញបន្ថែមរបស់អាជីវកម្មបច្ចុប្បន្ន និងអាជីវកម្មថ្មីៗនាពេលដ៏ខ្លីខាងមុខទៀត ដែលដឹកនាំដោយលោកអគ្គនាយក ឃឹម ហ្វីណង់ ដែលជាអ្នកកំណត់ចក្ខុវិស័យបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន ដែលជាវិស័យមួយកំពុងតែរីកដុះដាល និងមានការប្រកួតប្រជែងឥតឈប់ឈរ នៅក្នុងទីផ្សារខេត្តសៀមរាប ក្នុងវិស័យទេសចរណ៍នាពេលសព្វថ្ងៃនេះ។

សន្និសីទប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅ Rosewood Phnom Penh ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ប្រណីតមួយក្នុងរាជធានីភ្នំពេញ។ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ Innotality ជាក្រុមហ៊ុនខ្មែរដំបូងគេបង្អស់ ដែលបានជ្រើសរើសយកទីកន្លែងប្រជុំ ក៏ដូចជាការស្នាក់នៅសម្រាប់បុគ្គលិកទាំងអស់ ក្នុងសណ្ឋាគារលំដាប់កំពូលមួយនេះ ដើម្បីរៀបចំជាសន្និសីទប្រចាំឆ្នាំផ្នែកលក់និងទីផ្សារ។ ក្រុមការងារក៏បានបញ្ចប់ដំណើរកម្សាន្តសន្និសីទមួយនេះ ជាមួយនឹងពិធីជប់លៀងនៅសណ្ឋាគារ Sun & Moon Urban Hotel ផងដែរ។

សូមបញ្ជាក់ថាក្រុមហ៊ុន INNOTALITY ជាក្រុមហ៊ុនសាជីវកម្មឈានមុខក្នុងខេត្តសៀមរាប ដែលមានម្ចាស់និងបុគ្គលិកទាំងអស់សុទ្ធសឹងតែជាជនជាតិខ្មែរសុទ្ធសាធ ដែលកំពុងគ្រប់គ្រង និងបំរើការងារលើសណ្ឋាគារផ្កាយ៥មួយចំនួនក្នុងខេត្តសៀមរាប ដូចជា៖ Borei Angkor Resort& Spa ,  The Privilege Floor by BOREI ANGKOR  Lotus Blanc Hotel & Resort, The Privilege Floor by LOTUS BLANC រួមទាំងសាជីវកម្ម Retro Investment ផ្សេងទៀតដែលគ្រប់គ្រងទៅលើ The Privilege Boutique ភោជនីយដ្ឋានជប៉ុន The Hashi និងហាងកាហ្វេ Gloria Jean's Coffees - Siem Reapទាំង២សាខាផងដែរ។

សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមហ៊ុន INNOTALITY  ឬដើម្បីដាក់ពាក្យធ្វើការ ក្នុងផ្នែកអាជីវកម្មណាមួយរបស់ក្រុមហ៊ុន លោកអ្នកអាចចូលទៅកាន់ទំព័រហេ្វសប៊ុក៖http://www.facebook.com/innotalitygroup/ ដើម្បីស្វែងរកនូវព័ត៌មានលម្អិតបាន៕