(ភ្នំពេញ)៖ ការសាងសង់តារាងបាល់ទាត់ ដែលឧបត្ថម្ភដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជូនសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ជិតរួចរាល់ជាស្ថាពរ ហើយការឧបត្ថម្ភតារាបាល់ទាត់នេះ ជាផ្នែកមួយនៃយុទ្ធនាការ «សាលាស្អាត» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ក្រុមហ៊ុន បានសាងសង់ខ្លោងទ្វារសាលារៀន ដងទង់ជាតិ ក្រាលឥដ្ឋការ៉ូឡា ធ្វើផ្លូវបេតុង និងសាងសង់តារាបាល់ទាត់ជូនសាលារៀនមួយចំនួនរួចមកហើយ។

នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា «ការចូលរួម ជួសជុលសាលារៀន មិនត្រឹមតែជួយបង្កើនសោភ័ណភាពសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យថ្នាលសិក្សាមួយនេះ ក្លាយជាកន្លែងទទួលបានផាសុកភាព សម្រាប់សិស្សផងដែរ។ កាលណាសាលារៀនស្អាត សិស្សានុសិស្សមុខជាចង់មករៀនកាន់តែខ្លាំងឡើង។ ក្រោយម៉ោងសិក្សា ប្អូនៗមានតារាងបាល់ទាត់ ដែលអាចលេងកីឡាបានថែមទៀត ដូច្នេះធ្វើឲ្យពួកគេរៀនក៏ពូកែ សុខភាពក៏ល្អ»

តារាងបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិ មានទំហំស្ដង់ដារ សម្រាប់លេងម្ខាង១១នាក់ ដោយមានបង្គោលទីធំពីរ និងអាចចែកជាតារាងតូចបាន៣ សម្រាប់ប្រកួត ឬហ្វឹកហាត់ ដោយមានបង្គោលទីតូចៗចំនួន៦។ តារាងបាល់ទាត់នេះ ក្រាលដោយស្មៅសប្បនិមិត្ត ព័ទ្ធជុំវិញដោយប្រឡាយបេតុងដើម្បីបញ្ជៀសការជន់លិច បំពាក់ភ្លើងដ៏ទំនើបអាចលេងបាល់បានពេលយប់ ជាពិសេសមានសំណាញ់ព័ទ្ធជុំវិញ ការពារកុំឲ្យបាល់ខ្ទាតចេញក្រៅ។

កន្លងមក ក្រុមហ៊ុនបានចូលរួមជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិវេណសាលាវិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យទួលអំពិល និងសាលាបឋមសិក្សាដង្កោ៕