(ភ្នំពេញ)៖ និវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងារចំនួន២៧១នាក់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន​កម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវប្រកាស​បញ្ចូលក្របខ័ណ្ឌ​យោធា បំពាក់ឋានន្តរស័កិ្ត​ និងបំពាក់គ្រឿងឥស្សរយយស។

ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់រាជធានីភ្នំពេញ ក្រោមអធិបតីភាពឧត្តមសេនីយ៍​ ហ៊ុន​ ម៉ានិត​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក ហេង រតនា បានបញ្ជាក់ប្រាប់ Fresh News ថា បងប្អូនជានិវត្តជន​ ពិការ​ និងបាត់បង់សមត្ថភាពការងារ​ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន​កម្ពុជា​ (CMAC) ចំនួ​ន​២៧១នាក់ ត្រូវទទួល​បញ្ចូលក្របខ័ណ្ឌ​ បំពាក់ឋានន្តរស័កិ្ត​ និងបំពាក់គ្រឿងឥស្សរយយស នៅថ្ងៃសុក្រ​ ទី២០​ ខែកក្កដានេះ គឺជាប្រកាស និងបំពាក់ឋានន្តរស័ក្តិជំហានទី១ នៅមានជំហានបន្តបន្ទាប់ទៀត។

សូមជម្រាបថា អតីតមន្ត្រីបុគ្គលិកដែលបានចូលនិវត្តន៍ អ្នកបាត់បង់លទ្ធភាពពលកម្ម ពិការ ឬគ្រួសារនៃអ្នកដែលបានស្លាប់ ឬពលីកន្លងមករបស់អង្គភាពស៊ីម៉ាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចូលក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានគោលរបបសោធន៕