(ស្វាយរៀង)៖ នេះជាលើកទី៧ហើយ ដែលប្រជាពលរដ្ឋឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលរងគ្រោះដោយគ្រាប់បែកគីមី ទម្លាក់ដោយអាមេរិក បន្តទទួលបានការព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ថ្លែងថា យោងតាមអនុសាសន៍ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង យកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាតំបន់រងគ្រោះដោយសារគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិក។ អាស្រ័យដូចនេះហើយ មន្ទីរសុខាភិបាលខេត្ត បានដាក់ផែនការចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ក្នុងមួយខែម្តង រហូតដល់មណ្ឌលសុខភាពគគីរ បានសាងសង់រួចរាល់ជាស្ថាពរ ។

លោកបន្តថា ជាក់ស្ដែង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង ចំនួន៣០នាក់ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋឃុំគគីរ ដោយមិនគិតថ្លៃ ចំនួន៣១៨នាក់ (ស្រី២១៣នាក់) ក្នុងនោះមាន ពិនិត្យព្យាបាលជំងឺ ទូទៅ កុមារ ជំងឺរមាស់សើស្បែក ជំងឺភ្នែក ។ល។ ចំពោះឱសថមួយចំនួនបានទទួល ពីក្រសួងសុខាភិបាល និងមួយចំនួនទៀតទទួលបាន ពីការឧបត្ថម្ភរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថាដោយមានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ប្រជាពលរដ្ឋឃុំគគីរ កន្លងមក និងទៅថ្ងៃមុខ ទទួលបានការពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ នៅតាមមណ្ឌលសុខភាព និងបណ្តាមន្ទីរពេទ្យក្នុងខេត្តស្វាយរៀង ។
ដោយសារឥទ្ធិពលសារធាតុគីមី បានបង្ខំឲ្យពលរដ្ឋឃុំគីគរ ត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាសុខភាព ដោយសារថប់ដង្ហើម ក្តៅក្រហាយ និងរមាស់លើស្បែក នៅពេលដែលប្រជាពលរដ្ឋកាយប៉ះរណ្តៅគ្រាប់បែកគីមីចំនួន ២លើក ។ លើកទី១ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ សរុបទាំងពីរលើកចំនួន ១៨នាក់ ដែលប៉ះពាល់ផ្ទាល់ ។ ក្រោយពីហេតុការណ៍ប៉ះពាល់ផ្ទាល់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ មក មានពលរដ្ឋឃុំគីគរចំនួន ១៤១នាក់ បានទៅពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ក្នុងនោះអ្នកជំងឺដែលសង្ស័យប៉ះពាល់ជាមួយសារធាតុគីមីមានចំនួន១០៩នាក់ និងអ្នកជំងឺដែលមិនប៉ះពាល់ជាមួយសារធាតុគីមីមានចំនួន៣២នាក់ ។

លោកវេជ្ជបណ្ឌិត បានមន្ថែមទៀតថា ដោយមានប្រជាពលរដ្ឋជាច្រើនទៀត រងផលប៉ះពាល់សារធាតុគីមីនេះ ហើយមិនបានមករកសេវាព្យាបាល ដោយសារតែមណ្ឌលសុខភាព និងមន្ទីរពេទ្យនៅឆ្ងាយ ទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្ត ចុះទៅពិនិត្យព្យាបាលដល់មូលដ្ឋានរបស់គាត់ផ្ទាល់ ។ ជាពិសេសទៅទៀត ដោយមានការគិតគូរ និងយកចិត្ដទុកដាក់ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានកសាងមណ្ឌលសុខភាព១ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងឃុំគគីរនេះ ។ បច្ចុប្បន្ន មណ្ឌលសុខភាពគគីរ សាងសង់បាន ៩៥% ហើយ នឹងសម្ពោធឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ៕