(កណ្តាល)៖ កូនប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល៣រូប បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ី ហើយប្តេជ្ញាយកចំណេះដឹងមករួមចំណែកអភិវឌ្ឍន៍ជាតិ និងស្រុកកំណើតរបស់ពួកគេ។

យុវជន យុវតី ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅម៉ាឡេស៊ីរួមមាន៖ យុវជន កឹម ថានា សិក្សាជំនាញព័ត៌មានវិទ្យា, យុវជន រិន ដារ៉ាត់ សិក្សាជំនាញវិទ្យាសាស្ត្រជីវៈបច្ចេកវិជ្ជា និងយុវតី អ៉ីម គីមហ៊ួយ សិក្សាជំនាញទំនាក់ទំនងពាណិជ្ជកម្ម។

ការទទួលបានអាហារូបករណ៍នេះ ដោយសារមានការជួយជ្រោមជ្រែង និងសម្របសម្រួលពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល បានលើកឡើងថា នេះជាលើកដំបូងហើយសម្រាប់យុវជន យុវតីនៅក្នុងស្រុកកោះធំ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ី។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការស្វះស្វែងរកអាហារូបករណ៍ជូនយុវជន យុវតីនៅក្នុងស្រុកកោះធំ បានទៅសិក្សានៅប្រទេសម៉ាឡេស៊ីនេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពចំណេះដឹងរបស់កុលបុត្រ កុលធីតាខ្មែរ ក៏ដូចជារួមចំណែកបណ្តុះបណ្តាលធនធានមនុស្សមករួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

យុវជន យុវតី ដែលទទួលបានអាហារូបករណ៍នេះ បានបង្ហាញក្តីសប្បាយរីករាយខ្លាំងដែលទទួលបានអាហារូបករណ៍ ដើម្បីទៅក្រេបចំណេះដឹងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងពូកែ។ ពួកគេក៏បានអរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលតែងតែយកចិត្តទុកដាក់លើការអប់រំនៅកម្ពុជា និងប្រឹងប្រែងស្វះស្វែងរកអាហារូបករណ៍ជូនពួកគេ។

ក្តីសប្បាយរីករាយនេះមិនមែនកើតមានសម្រាប់តែយុវជន យុវតីទាំង៣រូបនេះទេ សូម្បីតែអាណាព្យាបាលរបស់ពួកគេក៏រីករាយផងដែរ។ ជាមួយនឹងការទទួលបានអាហារូបករណ៍នេះ ក្រុមយុវជន និងយុវតីទាំង៣រូប ក៏បានប្តេជ្ញាយកចំណេះដឹងដែលពួកគេទទួលបានពីការសិក្សានៅប្រទេសម៉ាឡេស៊ីមករួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាស្រុកកោះធំ ដែលជាស្រុកកំណើតរបស់ពួកគេផងដែរ។

យុវជន យុវតីទាំង៣រូបនេះ បានឡើងយន្តហោះទៅសិក្សានៅប្រទេសម៉ាឡេស៊ីនៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។ សូមបញ្ជាក់ថា មិនត្រឹមតែប្រឹងប្រែងជួយរកអាហារូបករណ៍ដល់កូនចៅប្រជាពលរដ្ឋនៅស្រុកកោះធំតែប៉ុណ្ណោះទេ ដើម្បីពង្រឹងចំណេះដឹងផ្នែកភាសាអង់គ្លេសនោះ លោក ស៊ុន ចាន់ថុល បានបង្កើតឲ្យមានកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសដោយឥតគិតថ្លៃជូនកូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំថែមទៀតផង៕