(កំពង់ធំ)៖ លោក ងួន ញ៉ិល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា ​ប្រទេសកម្ពុជា គឺជាប្រទេសដែលប្រកាន់​របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធ្វើការ​កំណត់អាណត្តិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចំនួន៥អាណត្តិរួចមកហើយ ក្នុងនោះនៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះ គឺជាការបោះឆ្នោតអាណត្តិទី៦ ដែលជាដំណើរឆ្ពៅទៅរកសន្តិភាព និងការអភិវឌ្ឍ។​

ការថ្លែងរបស់លោក ងួន ញ៉ិល ត្រូវបានធ្វើឡើងក្នុងឱកាសបន្ដជួបសំណេះសំណាល ​ជាមួយសមាជិក សមាជិកាគណបក្សប្រជាជន​កម្ពុជា នៅស្រុកប្រាសាទសំបូរ​​ ខេត្តកំពង់ធំ។

លោក ងួន ញ៉ិល បានបញ្ជាក់ថា ប្រទេសកម្ពុជា អាចរក្សាបាននូវសេចក្តីសុខសន្តិភាពពិតប្រាកដ គឺដោយសារតែគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងការបង្រួបបង្រួមជាតិ។ ជាពិសេស គឺមានការជួយគាំទ្រពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលពេញចិត្ត និងធ្វើការបោះឆ្នោតគាំទ្រលើគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំតាមគន្លងសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ​ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។​

ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំរូបនេះ ​បានលើកឡើងទៀតថា ​ប្រផ្នូលដែលប្រជាពលរដ្ឋទាំងអស់គ្នាគិតមិនដល់នោះ គឺនៅក្នុង​អាណត្តិ​ទី​៦នេះ គណបក្សនយោបាយ ដែលមានក្នុងសន្លឹកឆ្នោតធ្វើការប្រកួតប្រជែងទាំងការឃោសនា និងស្វែងរកសន្លឹកឆ្នោត និងអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋគូលជ្រើសរើសនោះ គឺមាន២០​គណបក្សនយោបាយ ហើយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី២០ ដែលជាលេខរៀងកូនពៅ ត្រូវមានភារកិច្ចថែរក្សា និងដឹកនាំប្រទេសជាតិបន្តទៀត ហើយសញ្ញាណនេះ​ធ្វើឲ្យប្រជាពលរដ្ឋដែលទៅបោះឆ្នោត ងាយចាំ ងាយគិត និងងាយគូសផងដែរ៕