(កំពង់ចាម)៖ គឹតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨​នេះ​ នៅសល់រយៈពេលតែ១០ថ្ងៃទៀតប៉ុន្នោះ​ កាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងឈានមកដល់​ ហើយគ្រប់គណបក្ស នយោបាយទាំងអស់ ត្រូវបញ្ចប់យុទ្ធនាការបស់ខ្លួន នៅមុនមួយថ្ងៃការបោះឆ្នោតមកដល់។

លោក ចៅ ភិរិទ្ធ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន បានបន្តដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសមាជិក​ សមាជិកា​តាមខ្នងផ្ទះ ចែកខិតបណ្ណ​ និងផ្សព្វផ្សាយគោលនយោបាយបក្ស ​និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតផងដែរ។

សកម្មភាពនេះបានធ្វើឡើងក្នុងភូមិថ្កូវ​ ឃុំត្រប់ និងក្នុងភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកបានថ្លែងទៅកាន់សមាជិក សមាជិកា ដោយបានណែនាំបង្ហាញ អំពីគុណសម្បត្តិរបស់បក្ស ដែលបងប្អូនអាចមើលឃើញថា គណបកប្រជាជនកម្ពុជា គឺគ្មានគណបក្សបក្សណាមួយ អាចប្រៀបស្មើបាននោះទេ ទាំងបទពិសោធន៍ដឹកនាំ ធនធានមនុស្ស និងគោលនយោបាយ។

លោកក៏បានថ្លែងអំណរគុណដល់បងប្អូន សមាជិក សមាជិកាគណបក្សទាំងអស់ ដែលកន្លងទៅតែងតែជឿទុកចិត្ត និងផ្តល់យុត្តិធម៌ដល់អ្នកដែលធ្វើពិត អ្នកជួយពិត ដឹងសុខទុក្ខប្រជាពលរដ្ឋពិតប្រាកដ។

សមាជិក សមាជិកាទាំងអស់ដែលបានចូលរួមបានសកម្មភាពនេះ បានយល់ច្បាស់ និងបានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត៕