(ពោធិ៍សាត់)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យងាកមកចូលរួមគាំទ្រប្រើប្រាស់ និងបរិភោគផលិតផលរបស់យើង ដែលប្រជាជនយើងជាអ្នកផលិត ដើម្បីសុខភាព និងជាពិសេសដើម្បីជួយសេដ្ឋកិច្ចជាតិយើង។

ការអំពាវនាវយ៉ាងដូច្នេះ របស់លោក វេង សាខុន ក្នុងឱកាសដែលលោកបន្តដំណើរ អញ្ជើញចូលរួមក្នុងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំធ្វើនៅក្នុងទីរួមខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន និងលោក ខួយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងជាអតីតអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យងាកមក ចូលរួមឧបត្ថម្ភ គាំទ្រប្រើប្រាស់ និងបរិភោគផលិតផលរបស់យើង ដែលប្រជាជនយើងជាអ្នកផលិត ដើម្បីសុខភាពយើង និងជាពិសេស គឺដើម្បីសេដ្ឋកិច្ចជាតិយើង។

លោករដ្ឋមន្រ្តី បាន វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជាអនេក ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីគម្រោង ផលិតករ សហគមន៍ ក្រុមហ៊ុន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែល បានចូលរួមសហការ យ៉ាងសកម្មទាំងកម្លាំងកាយ ចិត្តធ្វើឲ្យគម្រោងជំរុញផលិតកម្មស្បៀង ទទួលបានជោគជ័យជាបន្តបន្ទាប់៕