(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ​Fresh News នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដានេះ មានការិយាល័យបោះឆ្នោតមួយចំនួន នៅខេត្តចំនួន៥ បានរងផលប៉ះពាល់ដោយទឹកជំនន់។

លោកបានអះអាងថា ខេត្តចំនួននោះរួមមានខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ និងខេត្តកំពង់ចាម ជាដើម។ នៅខេត្តកំពង់ស្ពឺ ដែលរងការលិចលង់ធ្ងន់ធ្ងរដោយទឹកជំនន់ បានធ្វើឱ្យប៉ះពាល់ដល់ការិយាល័យបោះឆ្នោត នៅឃុំចំនួន៦។

សូមបញ្ជាក់ថា ទន្ទឹមនឹងខេត្តកម្ពុជារងគ្រោះដោយជំនន់ទឹកភ្លៀង ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្ដីជូនដំណឹងមួយទៀត ស្ដីពីស្ថានភាពឥទ្ធិពលរបស់ព្យុះទី៩ ឈ្មោះ សុនទីញ (SON-TINH) ដែលនឹងជះឥទ្ធិពលមកលើកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។ ឥទ្ធិពលនៃព្យុះនេះនឹងធ្វើឲ្យតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដាយព្រំដែនកម្ពុជា-វៀតណាម ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់ផងដែរ។

ក្រសួងធនធានទឹកបានអំពាវនាវ ឲ្យប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅ តាមតំបន់ទំនាបជាប់ផ្លូវទឹកនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕