(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារក្រោមឱវាទ ចុះសួរសុខទុក្ខ និងបានពាំនាំយកអំណោយរបស់កាកបាទក្រហមខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១២៨គ្រួសារ នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

នៅក្នុងឱកាសនេះលោកអភិបាលខេត្តកំពត បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចគតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈផងដែរ។

លោក ជាវ តាយ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព និងក្មេងៗត្រូវថែរក្សាសុខភាព ការពារសុវត្តិភាពកូនចៅ កុំហូបទឹកឆៅ ត្រូវដាំឱ្យឆ្អិន ការពារក្នុងការរាគរូស ព្រោះបងប្អូននៅឆ្ងាយពីមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ ម្យ៉ាងកុំឱ្យក្មេងតូចៗ ចុះលេងទឹក ខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយត្រូវមើលពីស្ថានការណ៍ឱ្យបានច្បាស់ ព្រោះទឹកនៅអាចបន្តជំនន់ទៀត គឺហូរចេញពីខេត្តកំពង់ស្ពឺ ចូលមកខេត្តកំពតយើងនេះ។

អភិបាលខេត្ត ក៏បានស្នើដល់ អភិបាលក្រុង ស្រុកទាំងអស់ប្រធានអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះដល់ជនរងគ្រោះ ក្នុងពេលមានគ្រោះជំនន់ទឹកភ្លៀង៕