(ភ្នំពេញ)៖ ធនាគារឯកទេសវីង បានប្រកាសមិនយកប្រាក់ លើថ្លៃធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញ សម្រាប់អតិថិជន ដែលប្រើប្រាស់កាតរថយន្តក្រុង ផ្តល់ជូនដោយវីង ឬកាតគណនីវីង ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨។

ដើម្បីទទួលបានការផ្តល់ជូននេះ អតិថិជនត្រូវមានកាតណាមួយ ក្នុងចំនោមកាតទាំងពីរនេះ សម្រាប់ថេបនៅលើម៉ាស៊ីនអេឡិចត្រូនិច ដែលបំពាក់នៅលើរថយន្តក្រុង ទាំង១៥៥គ្រឿង។ កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មាន២ជម្រើសសម្រាប់អតិថិជន។

កាតពណ៌ ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារកម្ពស់ក្រោម ១ម៉ែត្រ ដែលអតិថិជនអាចជិះបាន១៨០ដង ដោយឥតគិតថ្លៃ។ កាតពណ៌ខៀវ មានតម្លៃ៤,០០០រៀល ដែលអតិថិជន អាចបញ្ចូលចំនួនជិះដោយឥតគិតថ្លៃ នៅគ្រប់ស្ថានីយ៍ឡានក្រុង។

កាតពណ៌បៃតង គឺសម្រាប់អតិថិជនទូទៅ។ កាតនេះ មានតម្លៃ១០,០០០ រៀល និងមានទឹកប្រាក់ក្នុងកាតចំនួន ៦,០០០រៀល សម្រាប់ធ្វើដំណើរ ដែលអតិថិជនអាចបញ្ចូលទឹកប្រាក់ ទៅក្នុងកាត នៅគ្រប់ភ្នាក់ងារវីងគ្រប់ទីកន្លែង។ លោកអ្នកអាចបើកកាតរថយន្តក្រុង នៅទូទាំងស្ថានីយ៍រថយន្តក្រុងសាធារណៈ ដោយចំនាយត្រឹមតែ២ ទៅ៣នាទីតែប៉ុណ្ណោះ។

សម្រាប់អតិថិជន ដែលមានកាតគណនីវីង ពួកគាត់អាចទៅកាន់ភ្នាក់ងារវីង ស្ថានីយរថយន្តក្រុងសាធារណៈ ឬការិយាល័យកណ្តាលធនាគារឯកទេសវីង ដើម្បីដាក់ឲ្យដំណើរការប្រព័ន្ធ គិតប្រាក់លើរថយន្តក្រុងជាការស្រេច។ កាតរថយន្តក្រុងសាធារណៈ គឺជាបច្ចេកវិទ្យាថ្មី ក្រោមកិច្ចសហការរវាងធនាគារឯកទេសវីង និងរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលដាក់សម្ភោធឲ្យប្រើប្រាស់កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅ។

កាតនេះ នឹងផ្តល់ភាព ងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរតាមមធ្យោបាយសាធារណៈ ដោយមិនចាំបាច់ព្រួយបារម្ភពីរឿងត្រៀមលុយរាយ សម្រាប់ជិះឡានក្រុងឡើយ។ ជាងនេះទៅទៀត កាតនេះ ក៏អាចឲ្យអតិថិជន ធ្វើប្រតិបត្តិការផ្សេងៗ ដូចគ្នាទៅនឹងគណនីវីង រួមមានផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងជាច្រើនទៀត៕