(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនរួមទាំងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បានចុះពិនិត្យមើលសៃឡូ និងលានហាលដែលទទួលទិញកសិផល ពីប្រជាពលរដ្ឋក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីរកដំណោះស្រាយចំពោះបញ្ហាតម្លៃកសិផល ជាពិសេសតម្លៃពោតក្រហម ជូនដល់ប្រជាកសិករ។

លោក ផាន់ ចាន់ធុល បានស្នើដល់ម្ចាស់អជីវកម្មសៃឡូ និងទីលានហាល ដែលទទួលទិញកសិកផលពីកសិករក្នុងខេត្តប៉ៃលិន ត្រូវរួមសហការគ្នាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាខេត្ត ដើម្បីជួយរកដំណោះស្រាយបញ្ហាតម្លៃពោតក្រហមធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្តប៉ៃលិនបានបន្តថា ដោយសារទីផ្សារកសិផលរបស់យើង ពឹងផ្អែកទៅលើប្រទេសជិតខាង ម៉្យាងទៀត គឺយោងទៅតាមតម្លៃទីផ្សារកសិផល នៅលើទីផ្សារពិភពលោក។ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់ការលក់កសិផល របស់ប្រជាកសិករយើង ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ចកម្ម បានកំពុងខិតខំរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ដោយបានទំលាក់ទុនប្រាក់កម្ចី ដើម្បីធ្វើកន្លែងសម្ងួត និងស្តុកទុកកសិផលនៅទូទាំងប្រទេស ក្នុងប្រមូលទិញកសិកផល ពីប្រជាពលរដ្ឋ ដែលជាកត្តាជួយរក្សានិរន្តរភាពតម្លៃលើទីផ្សារ កសិកផលក្នុងប្រទេស។

លោក ផាន់ ចាន់ធុល ក៏បានសំណូមពរដល់ប្រជាកសិករទាំងអស់ ត្រូវចងក្រងគ្នាជាក្រុម ឬជាសហគមន៍ ដើម្បីសហការជាមួយសហគមន៍ នាំចេញកសិផល ជៀសវាងការកេងចំណេញ ឬទម្លាក់តម្លៃពីឈ្មួញកណ្តាល ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃកសិផល។

តំណាងសៃឡូ និងទីលានហាល ដែលទទួលទិញកសិកផល ពីប្រជាកសិករក្នុងខេត្តប៉ៃលិន បានលើកឡើងថា បញ្ហាដែលតម្លៃពោតក្រហមធ្លាក់ចុះ គឺដោយសារទីផ្សារប្រទេសជិតខាង កំពុងប្រមូលផលទិញ កសិកផលរបស់ប្រជាជនគេដែរ ដូច្នេះធ្វើឱ្យការបញ្ជាទិញពីកម្ពុជា យើងមានការធ្លាក់ចុះ ហើយយើងគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញកសិផលប្រជាពលរដ្ឋបានច្រើននោះទេ ព្រោះកន្លែងសម្ងួត និងស្តុកទុកកសិផលរបស់យើងនៅមានកម្រិត។

ចំណែកក្រុមហ៊ុនផលិតចំណីសត្វ ស៊ីភី នៅក្នុងខេត្តប៉ៃលិន បានចុះកិច្ចព្រមព្រៀងទិញ-លក់ពោតក្រហមគ្រាប់ ជាមួយសមាគមន៍ទិញ-លក់កសិផល ក្នុងខេត្តចំនួន៨ពាន់តោន ក្នុងរយៈពេល១០ថ្ងៃ ទៅតាមតម្លៃទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុនកាត់បន្ថយការនាំចូលកសិផលពីបរទេស ដែលជាវត្ថុធាតុដើមក្នុងការផលិតចំណីសត្វ ដើម្បីជួយដល់ទីផ្សារកសិកផលក្នុងខេត្តប៉ៃលិន។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា នៅឆ្នាំ២០១៨នេះ ខេត្តប៉ៃលិន ដាំដុះពោតក្រហម ប្រមាណ៩៥០០ហិកតា ហើយបានប្រមូលផល ចាប់ពីខែមករា រហូតដល់ខែកក្កដានេះ បានប្រមាណ៥៧០០ហិកតា ក្នុងនោះមានសៃឡូ និងទីលានហាលទទួលទិញកសិផល ពីកសិករក្នុងខេត្តចំនួន៥៨ ដោយមានលទ្ធភាពប្រមូលទិញកសិផល យកមកស្តុកទុកបានចំនួនប្រមាណ ជាង៦ម៉ឺនតោន ព្រមទាំងក្រុមហ៊ុន ស៊ីភី ផលិតចំណីសត្វចំនួន១ ហើយទីផ្សារសម្រាប់នាំចេញ គឺពឹងផ្អែកទៅលើប្រទេសថៃ និងវៀតណាម៕