(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា គិតត្រឹមម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកអស់ជាស្ថាពរហើយ។

​​បើតាមលោកឧត្តមសេនីយ៍ស្នងការ បើទោះបីជាស្ថានភាពទឹកបានស្រកអស់យ៉ាងណាក្ដី ក៏ប៉ុន្ដែការធ្វើចរាចរណ៍សម្រាប់រថយន្ដធុនធំត្រូវបានផ្អាកដដែល ពោលអនុញ្ញាតឲ្យតែរថយន្ដតូចៗធ្វើចរាចរណ៍ប៉ុណ្ណោះ។

សូមជម្រាបថា នៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ បានចុះពិនិត្យផ្ទាល់ស្ថានភាពទឹកលិច ផ្លូវជាតិលេខ៤ ​ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ៕