(កំពង់ធំ)៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្ដកំពង់ធំ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបការកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិសាស្ដ្រភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនៅយប់មិញនេះ ដឹកនាំដោយ​លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងលោក លី ស្រេង នាយកតំបន់ ព្រមទាំងមានការសហការពី​កម្លាំង ក២ ជើងគោកជំនួយការ​មណ្ឌល៤ ចុះប្រតិបត្តិ​នៅចំណុចលូតាសាយ មានលេខUTM544546​, 1407976។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះដកហូតបាន ​ឈើមូល​ចំនួន៤៦ដុំ មានមុខកាត់៤០ គុណ៤ម៉ែត្រ​ ២ដុំ, ៣០ គុណ៣ម៉ែត្រ ៣ដុំ, ២០ គុណ៤ម៉ែត្រ ១៧ដុំ, ១៥ គុណ៤ម៉ែត្រ ១១ដុំ និង១០ គុណ៤ម៉ែត្រ ១៣ដុំ ហើយត្រូវបានយកទៅរក្សាទុកនៅស្នាក់ការអូតាព្រហ្ម។

បើតាម លោក អ៊ិត សុធា ព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា យប់មិញនេះក្រោយពីជនសង្ស័យ ដឹងថាកម្លាំង​ចុះទៅបង្ក្រាប បានកាត់ទម្លាក់ឈើពីគោយន្ត រួចបើករត់គេចខ្លួនបាត់អស់ ដូច្នេះ​មិនអាចចាប់ជនល្មើសណាម្នាក់នោះទេ៕​