(ព្រះវិហារ)៖ សុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំប្រទេស។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាកម្មករ កម្មការិនីគ្រប់រូបនៅទូទាំងប្រទេស។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានបង្កើតនូវយន្តការផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋគ្រប់ៗរូប ដូចជា តាមរយៈការតម្លើងប្រាក់បៀវត្សរ៍ ការពិនិត្យសុខភាពដោយមិនគិតថ្លៃ ការបញ្ចុះថ្លៃទឹក ថ្លៃភ្លើង ក៏ដូចជាការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ជួយដល់ការខ្វះខាតឲ្យទាន់ពេលវេលាសម្រាប់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រផងដែរ។

ផ្អែកតាមយន្តការនេះ ក៏ដូចតួនាទីភារកិច្ចផងនោះ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ រួមជាមួយ និងអាជ្ញាធរដែនដី អញ្ជើញចុះសួរសុខទុក្ខ និងបាននាំអំណោយរួមមាន ថវិកា និងសម្ភារជាច្រើនជូនដល់គ្រួសារអតីតយុទ្ធជនឈ្មោះ ដួង ខាន ភេទស្រី អាយុ៥៥ឆ្នាំ ជាគ្រួសារពលីដែលកំពុងមានជីវាពក្រីក្រ រស់នៅភូមិមហាផល ខុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកតែងតែ មានការគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនគ្រួសារអតីតយុទ្ធជនយើងគ្រប់ៗគ្រួសារផងដែរ។

ជាមួយនោះលោក ច័ន្ទ សុភ័ក្ត្រា បានណែនាំឲ្យគ្រួសារអតីតយុទ្ធជន ត្រូវនាំសមាជិកគ្រួសារអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាបន្តទៅទៀត។

ជាការឆ្លើយតបគ្រួសារអតីតយុទ្ធជនកម្ពុជាខាងលើនេះ បានប្រកាសប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន​ សែន បន្តដឹកនាំប្រទេសកាន់តែរុងរឿងថែមទៀត៕