(ភ្នំពេញ​)៖ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេស​ថៃមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនោះទេ តែដៃគូវិនិយោគលើវិស័យទេសចរណ៍ ដ៏ធំផងដែរ។

លោកបានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុង​ឱកាសដែលលោកបានជួបសំណេះសំណាលជាមួយប្រតិភូជាន់ខ្ពស់មកពីស្ថាប័នទេសចរណ៍ជាតិថៃ ព្រមទាំងអភិបាល អភិបាលរងខេត្តមួយចំនួនរួមមាន៖ ​បាំងកក ភូគេត​ ឈុនបុរី (ក្រុងប៉ាតាយ៉ា) ខន់គេន ឈៀងម៉ៃ ដែលបានមកទស្សនកិច្ចសិក្សា និងចូលរួមកម្មវិធី MICE Roadshow របស់ការិយាល័យសន្និសីទ និងពិព័រណ៍ថៃនៅរាជធានីភ្នំពេញ ដែលក្នុងឱកាសនោះប្របតិភូបានស្នើសុំចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជានៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីសិក្សាស្វែងយល់ និងដកបទពិសោធស្តីពីកម្មវិធីទេសចរណ៍ កម្ពុជា និងពិភាក្សាលើការតភ្ជាប់ទំនាក់ទំនងទីក្រុង MICE រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃនាពេលខាងមុខ។

លោក​ សូ ម៉ារ៉ា បានបន្តថា រហូតមកដល់បច្ចុប្បន្ន ចំណងទាក់ទងសេដ្ឋកិច្ចរវាង កម្ពុជា-ថៃ មានទាំងក្នុងរូបភាពនៃលំហូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការដោះដូរកម្លាំងពលកម្ម ហើយប្រទេសថៃ ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ហើយក្រៅពីទំនាក់ទំនងក្នុងសកម្មភាពពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពវិនិយោគ ចំណងសេដ្ឋកិច្ចមួយទៀតរវាង កម្ពុជា-ថៃ គឺតាមរយៈលំហូរនៃភ្ញៀវទេសចរ។

ជាក់ស្តែងវិស័យទេសចរណ៍កម្ពុជាកំពុងបោះជំហាន និងរីកចំរើនទៅមុខយ៉ាងឆាប់រហ័ស ដោយឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៥,៦លាននាក់ កើនឡើង១១.៨% ក្នុងនោះទេសចរចិនស្ថិតលំដាប់ទី១ រីឯទេសចរថៃស្ថិតនៅលំដាប់ទី៤ មានចំនួនប្រមាណ៤សែននាក់ ហើយរយៈពេលបួនខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរ អន្តរជាតិជាង២លាននាក់ កើនឡើង១១.៤% ក្នុងនោះទេសចរថៃមានចំនួនជាង១ សែននាក់ ហើយកម្ពុជារំពឹងថាឆ្នាំ២០១៨ នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៦.២លាននាក់ និងក្នុងឆ្នាំ២០២០ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លានទៅ៨លាននាក់។

លោកបានបញ្ជាក់ទៀតថា កម្ពុជាជាគោលដៅទេសចរណ៍បេតិកភ័ណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ស្អាត និងល្បីល្បាញនៅលើពិភពលោក ដោយកម្ពុជាធ្លាប់បានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោកពីស្ថាប័នវាយតម្លៃអន្តរជាតិជាបន្តបន្ទាប់ ជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញបំផុតលើពិភពលោកដូចជា TripAdvisor ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ArchaeoMadness និង Lonely Planet។

ឆ្នាំ២០១៨នេះ ប្រាសាទអង្គរវត្តក៏បានជាប់ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក (Cambodia’s Angkor Wat Temple- the1st Place of World’s Best Landmark for 2018) ក្នុង Traveler’s Choice Award ហើយរាជធានីភ្នំពេញក៏ទទួលបានជ័យលាភីពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជារាជធានីទេសចរណ៍ និងវប្បធម៌ពិភពលោក សម្រាប់ឆ្នាំ២០១៨នេះផងដែរ។

លោកបានបន្ថែមទៀតថា គោលដៅទេសចរណ៍កម្ពុជាកំពុងត្រូវបានពិភពលោកស្គាល់ និងមើលឃើញថាជាគោលដៅទេសចរណ៍លំដាប់ពិភពលោកដ៏សំខាន់ និងទាក់ទាញមួយ ហើយតាមរយៈ សក្ដានុពលខាងលើ កម្ពុជាក៏នឹងក្លាយជាគោលដៅទេសចរណ៍ MICE ដ៏សំខាន់ផងដែរទាំងក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនឹងកម្ពុជាទទួលបានទេសចរចូលមកមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយកម្ពុជាក៏មានទេសចរចេញទៅទស្សនានៅក្រៅប្រទេសជាច្រើនផងដែរនៅឆ្នាំ២០១៧ ជាក់ស្តែង កម្ពុជាមានទេសចរចូលមកចំនួន១,៧៥២,២៦៩នាក់ កើនឡើង២២.២% ដោយទេសចរកម្ពុជាទៅទស្សនាប្រទេសថៃមានចំនួន៨៦៦,៩៣៤នាក់ ហើយគោលបំណងនៃការធ្វើដំណើររបស់ពួកគាត់ភាគច្រើនគឺដើម្បីពិនិត្យសុខភាព ទិញទំនិញ និងការកម្សាន្ត។

លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នដោយវិស័យទេសចរណ៍កម្ពុជាកំពុងមានការអភិវឌ្ឍ និងរីកចំរើនគួរឲ្យកត់សម្គាល់ ហើយក៏សូមស្វាគមន៍ និងគាំទ្រក្នុងការសហការជាមួយភាគីថៃ ពិសេសសហការជាមួយការិយាល័យសន្និសីទ និងពិព័រណ៍នៃប្រទេសថៃ (Thailand Convention and Exhibition Bureau) និងទីក្រុងទាំងអស់របស់ប្រទេសថៃ ដែលអាចជាគោលដៅ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ MICE ដើម្បីជួយវិនិយោគអភិវឌ្ឍវិស័យ ទេសចរណ៍ MICE នៅកម្ពុជាឱ្យកាន់តែទាក់ទាញបន្ថែមទៀត ទាំងនៅរាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ និងតំបន់ឆ្នេរផងដែរ​៕