(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌ​ ចុះពិនិត្យមើល​ស្ថានភាពទឹកស្ទឹងព្រែកត្នោត និងទីទួលសុវត្ថិភាព​សម្រាប់ត្រៀមបង្ការ​គ្រោះអាសន្ន​ ​ជម្លៀសប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់ទឹកភ្លៀង។

ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានណែនាំ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបញ្ហានេះ ហើយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក៏ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីចេញអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។

សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨​ បានជូនដំណឹងដល់ប្រជាពលរដ្ឋថា ដោយសារតែភ្លៀងបន្ដធ្លាក់ជាប់ៗគ្នា បណ្ដាលឲ្យកម្រិតទឹកនៅស្ថានីយ៍វាស់ទឹកពាមឃ្លៃ ឡើងដល់កម្រិតខ្ពស់ ៧.៣០ម៉ែត្រ ដែលជាកម្រិតអាចនឹងបង្កឲ្យមានទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត និងតំបន់មួយចំនួនទៀត។

រដ្ឋបាលខេត្តកំពង់ស្ពឺ ​​បានបញ្ជាក់ថា ស្ថានភាពទឹកកាន់តែឡើងខ្ពស់នេះ អាចបង្កផលប៉ះពាល់ដល់ផ្ទៃដីបង្កបង្កើនផល លំនៅដ្ឋាន ទ្រព្យសម្បត្តិ អាយុជីវិត និងអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ពីជំងឺរាតត្បាតផ្សេងៗ៕