(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន៨០ នាក់ ដោយវគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុង សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជា ក្នុងការបញ្ចេញសក្តានុពលផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយបញ្ហាកង្វះវិស្វករអេឡិកត្រូនិក នៅកម្ពុជា ដូចជាការជួសជុល និងការថែទាំផលិតផលអេឡិកត្រូនិក ដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។

ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តិការផ្តល់សេវានិងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍សម្រាប់ការអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួនក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផង។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះ លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា «សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមានសារៈសំខាន់ណាស់ក្នុង ការជួយដល់សង្គម ព្រោះគោលបំណងរបស់យើង មិនមែនផ្ដោតតែលើការលក់ផលិតផលនោះមួយមុខនោះឡើយ ពោលគឺយើងក៏ចួលរួមផ្ដល់ផលប្រយោជន៍ដល់សង្គម តាមរយ:ការពង្រីកចំណេះដឹង ទៅលើផ្នែកគ្រឿងអេឡិចត្រូនិក»

លោកបានបន្តទៀតថា «យើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី៥នេះ នឹងបន្តភាពជោគជ័យរបស់យើងក្នុងការផ្ទេរចំណេះនិងជំនាញចាំបាច់ដល់សិក្ខាកាមទាំង៨០នាក់ ដែលបានចូលរួមក្នុងវគ្គនេះ ហើយសង្ឃឹមជឿជាក់ថាជំនាញទាំងនេះ នឹងជួយឲ្យប្អូនៗចូលរួមបានកាន់តែច្រើន ក្នុងការអភិវឌ្ឍសង្គមជាតិ និងអនាគតរបស់ខ្លួន»

ទន្ទឹមនឹងនោះ លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានថ្លែងថា វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះគឺជាឧទាហរណ៍ដ៏ល្អមួយនៃការចូលរួម របស់វិស័យឯកជនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ ។

គួររំលឹកថា Samsung Tech Institute ត្រូវបានបង្កើតឡើងចំនួន ៤ជំនាន់រួចមកហើយ តាំងពីឆ្នាំ២០១៤ ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបជិត៣០០នាក់ ហើយដែល សិក្ខាកាមទាំងនេះ បាននិងកំពុងបន្តចែកចាយចំណេះដឹងរបស់គាត់ ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ តាមការបង្ហាត់បង្ហាញក្រៅសាលា ។ ដោយឡែកវគ្គបណ្ដុះបណ្ដាលលើកទី៥នេះ មានសិក្ខាកាមចូលរួមចំនួន៨០នាក់ ដើម្បីសិក្សាលើជំនាញជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃ ក្នុងរយៈពេល៣ខែ ។

សូមជម្រាបថា Samsung Tech Instituteនេះ គឺជាវគ្គបណ្ដុះបណ្ដាលមួយ ដែលពិសេសនិងទំនើបជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ព្រមទាំងទទួលនូវការប្រឹក្សាយោបល់​ ពីអ្នកជំនាញរបស់សាមសុងផងដែរ ។ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សា ដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សឆ្នើមចំនួន៨នាក់ នឹងទទួលបានឱកាសការងារ និងការបណ្ដុះបណ្ដាលការងារពីបណ្ដាញដៃគូក្រុមហ៊ុនធំៗជាច្រើនរបស់សាមសុងនៅកម្ពុជាផងដែរ៕