(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា លោក Lee Morgenbesser ដែលតាំងខ្លួនជាអ្នកវិភាគនយោបាយនៅអូស្ដ្រាលី កំពុងតែយកប្រជាពលរដ្ឋខ្មែរជាសត្រូវ ហើយ​និយាយប្រឆាំងការបោះឆ្នោតនៅកម្ពុជា ដោយលាបពណ៌អ្នកសង្កេតការណ៍ ថាមិនមានភាព​ឯករាជ្យ។

បើតាមលោក ផៃ ស៊ីផាន អ្នកដែលតាំងខ្លួនជាអ្នកវិភាគនយោបាយនៅអូស្ដ្រាលីនេះ ហាក់ដូចជាមាក់ងាយប្រឆាំងគណបក្សនយោបាយ ចំនួន២០គណបក្សដែលធ្វើការប្រកួតប្រជែង នៅថ្ងៃបោះឆ្នោតសកល ជាពិសេសដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយនិយាយគ្មានមូលដ្ឋាន និងការយល់ដឹងអំពីដំណើរការបោះឆ្នោត។

ការថ្លែងបែបនេះ របស់លោក ផៃ ស៊ីផាន ត្រូវបានធ្វើឡើងបន្ទាប់ពី ​លោក Lee Morgenbesser ដែលតាំងខ្លួនជាអ្នកវិភាគនយោបាយ​នៅអូស្រ្តាលី បានចោទប្រកាន់ថា សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសង្កេតការអន្តរជាតិ ដែលនឹងចូលរួមជាអ្នកសង្កេតការណ៍ នៅពេលបោះឆ្នោតសកល នៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ គឺមិនមានឯករាជ្យ។

មន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «​ការលើកឡើងរប​ស់ លោក Lee Morgenbesser បានបង្ហាញដល់សាធារណជន ជាក់ស្តែង​នៃល្បិចកលមិនសុច្ចរិត និងវាយតម្លៃលាបពណ៌ អ្នកសង្កេតការណ៍ ដែល​ចូលរួមគ្រប់កន្លែងស្ថានីយ៍បោះឆ្នោត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងនេះ គឺមិនមានលក្ខណៈជាអ្នកវិភាគ​នោះទេ តែជាអ្នកបញ្ចេញយោបល់ប្រឆាំង និងការបោះឆ្នោតរបស់កម្ពុជា ជាសត្រូវ​ជាមួយប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងដោយគ្មានមូលដ្ឋាន និងការយល់ដឹងអំពីដំណើរការបោះឆ្នោះនៅកម្ពុជា ហើយស្ថិតនៅក្នុងលក្ខណៈ អត្តនោម័តិផ្ទាល់ខ្លួន (Bias and Subjective​) តែប៉ុណ្ណោះ»

លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ​ការយកលេស​វាយប្រហារមកលើ លោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយក​រដ្ឋមន្ត្រី អាណត្តិទី៦​របស់កម្ពុជា ដែលជាផលរំពឹងទុករបស់ប្រជាពលរដ្ឋខ្មែរភាគច្រើន ដោយចោទថា លោក ហ៊ុន ម៉ានី ឬ​សហភាពសហព័ន្ធយុវជនកម្ពុជា គឺមាន​ភាពលំអៀងទៅកាន់​គណបក្សប្រជាជនកម្ពុជា ក៏ដូចជាវាយប្រហារទៅលើអ្នកសង្កេតការណ៍អន្តរជាតិ ដែលគ្មានសមត្ថភាពឯករាជ្យនោះ គឺជាការយល់ច្រឡំខុសពីគោលការណ៍ និងស្ថានភាពជាក់ស្តែងនៅក្នុង ឬខាងក្រៅស្ថានីយ៍បោះឆ្នោតកម្ពុជា។

បើតាមលោក ផៃ ស៊ីផាន ​វត្តមាន នៃអ្នកសង្កេតការណ៍តំណាងគណបក្សនីមួយៗ ជាអ្នកឃ្លាំមើល និងការពារផលប្រយោជន៍របស់គណបក្សរបស់ពួកគេនីមួយៗ រួមជាមួយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ តំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រប់ជាន់ថ្នាក់ដែលមានវត្តមាននៅទីនោះ គឺក្នុងទិសដៅរក្សាបាននូវគណនេយ្យភាព និងតម្លាភាពដែលជាគោលដៅ ចម្បងនៃការងារសង្កេតការណ៍របស់គេនេះ។

បន្ថែមពីនេះ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានសម្ដែងការសោកស្តាយចំពោះ លោក Lee Morgenbesser ដែលគ្មានសមត្ថភាពយល់ដឹង នៃដំណើរការ និងគោលការណ៍ នៃការបោះឆ្នោតរបស់កម្ពុជា ដោយយល់ច្រឡំពីគោលការណ៍ឯករាជ្យ ជាមួយ​គោលការណ៍គណនេយ្យភាព និងតម្លាភាពនៃអង្គបោះឆ្នោតនីមួយៗ ដែលគ្រប់ជនជាតិ​ប្រាថ្នាចង់បាន៕