(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យដំណើរការ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ខេត្តស្វាយរៀង ដែលជាសមិទ្ធផលជោគជ័យថ្មីបន្ថែមទៀត របស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយការបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ។

ពិធីនេះមានការចូលរួមក្រោយអធិបតីភាពលោកអភិបាលរងខេត្ត លោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបម្រើការងារនៅក្នុងអង្គភាពច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត។

លោក ម៉ែន វិបុល បានថ្លែងបញ្ជាក់ថា ការបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្តនាពេលនេះ គឺជាសមិទ្ធផលដែលសរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យថ្មីបន្ថែមទៀត របស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយការបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ តាមរយៈការធ្វើប្រតិភូកម្មអំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបន្តថា យន្តការទាំងពីរនេះ នឹងធ្វើឲ្យការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ ត្រឹមត្រូវ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ជាមួយ និងការផ្ដល់នូវជំនឿទុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលសេវា និងឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនៃការផ្ដល់សេវាសាធារណៈ ព្រមទាំងជំរុញការកៀរគរចំណូលចូលថវិកាជាតិ និងលុបបំបាត់ការយកកម្រៃសេវាលើសពីច្បាប់កំណត់។

ទន្ទឹមនេះលោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រធាន អនុប្រធាន និងមន្ត្រីជួរមុខ មន្ត្រីជួរក្រោយ នៃអង្គភាពច្រកចេញចូលតែមួយខេត្ត ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេស ត្រូវមានការសហការ និងសាមគ្គីភាពគ្នារវាងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីអង្គភាពដំណើរទៅបានដោយរលូន ធានាឲ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និងឆាប់រហ័ស មិនបង្កការកកស្ទះក្នុងការផ្ដល់សេវា។

លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្នែកសេវាដែលពាក់ព័ន្ធ វិស័យ និងការងារទាំង ១៤រួមមាន៖ វិស័យសុខាភិបាល, វិស័យទេសចរណ៍, វិស័យសាធារណការ និងដឹកជញ្ជូន, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យព័ត៌មាន, វិស័យបរិស្ថាន, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម, វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការងារនីត្យានុកូលកម្ម, និងការងាររដ្ឋបាល សូមមកទទួលសេវានៅក្នុងអង្គភាពច្រកចេញតែមួយក្នុងខេត្តស្វាយរៀង។

លោកក៏បាន ស្នើដល់មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋមកទទួលសេវាតាមរយៈយន្តការអង្គភាពច្រកចេញចូលតែមួយខេត្តវិញ ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីអង្គភាពបានបើកឲ្យដំណើរការជាផ្លូវការ៕