(កំពង់ធំ)៖ នៅ​ព្រឹកថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ​២០១៨ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ, អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បានដឹកនាំសហការី រួម​ជាមួយ​ឃោសនិក​ និង​ថ្នាក់​ដឹកនាំ​គណៈ​កម្មាធិការបក្សឃុំ ផ្សព្វផ្សាយពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា​ និង​ណែនាំ​ពី​របៀប​គូសសន្លឹកឆ្នោត​ ដល់សមាជិក សមាជិកាចំនួន១៥៦នាក់ មានស្រី១០៥នាក់ នៅភូមិស្លាករ ឃុំបន្ទាយស្ទោង​។

ក្នុងឱកាសនេះដែរ លោកបានលើកឡើងនូវហេតុចម្បងចំនួន៦ចំណុច ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគាំទ្រលើសលប់មកលើគណបក្សប្រជាជនកម្ពុជារួមមាន៖

ទី១៖ ជាគណបក្ស​ដែលបាន​រំដោះ​ប្រទេស​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ដែល​បាន​សង្គ្រោះ​ជាតិ​ពិត​ប្រាកដ
ទី២៖ ជាគណបក្ស​ដែល​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ពលរដ្ឋ​ ទោះ​បី​ប្រទេស​ជាតិ​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ
ទី៣៖ ជាគណប្ស​ដែល​បាន​ថែរក្សា​សន្តិភាព​យូរ​អង្វែង​ ដែល​កំពុង​ផ្ដល់​ក្តី​សុខ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស
ទី៤៖ ជាគណបក្ស​ដែល​ផ្ដល់​ឱកាស​ដល់​យុវជន​ និង​កូន​ក្មួយ​កម្មករ
ទី៥៖ ជាគណបក្ស​ដែល​ប្រែ​កម្ពុជា​ពី​វាល​ពិឃាដ​មក​ជា​កម្ពុជា​អច្ឆរិយៈ​ ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​អន្តរជាតិ​ ដែល​មាន​ការ​ទាក់​ទាញ​បំផុត​នៅ​ក្នុង​តំបន់​
ទី៦៖ ជាគណបក្ស​តែ​មួយ​គត់​ ដែល​សម្បូរ​ធនធាន​មនុស្ស​ មាន​សមត្ថភាព​ពេញ​លេញ​ និង​មាន​លទ្ធភាព​គ្រប់គ្រាន់ ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់​តែ​រីកចម្រើន​យូរ​អង្វែង។

ចុងក្រោយលោកបានអំពាវនាវដល់ លោកយាយ លោក​តា​ មា​មីង​ បង​ប្អូន​ ក្មួយ​ៗ​ ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ទាំង​អស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០​ នៅ​លើ​សន្លឹក​ឆ្នោត​ ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍ៕