ផលិតករភាពយន្តដ៏ល្បីឈ្មោះ ភាពយន្តខ្នាតធំរឿង «ស្នូរជើងអ្នកណា?» គឺជាការផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ផ្ដោតសំខាន់លើគុណភាព ដើម្បីធ្វើការប្រកួតប្រជែងលើទីផ្សារ និងផ្លាស់ប្ដូរឥរិយាបថរបស់អ្នកគាំទ្រ ដែលតែងតែលើកឡើងជារឿយៗថា ភាពយន្តខ្មែរគ្មានគុណភាព ផលិតឡើងយកតែបរិមាណ ​មិនអាចទាក់ទាញអ្នកគាំទ្រ បានច្រើនកុះករ ដូចភាពយន្តបរទេសឡើយ។

ការថ្លែងបែបនេះ របស់ផលិតករ​ត្រូវបានធ្វើឡើង ក្នុងឱកាស​សម្ពោធភាពយន្តខ្នាតធំ រឿង «ស្នូរជើងអ្នកណា?» កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៨ នៅរោងភាពយន្ត Major ផ្សារទំនើប អេអនម៉ល២ ក្នុងខណ្ឌសែនសុខ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ផលិតករ ចាងហ្វាងផលិតកម្ម តារាសម្ដែង និងមហាជនយ៉ាងច្រើនកុះករ។

លោក សែម វិសាល ផលិតករភាពយន្តដ៏ល្បីឈ្មោះ និងចាងហ្វាងផលិតកម្ម «Wonderfilm Cambodia» បានបញ្ជាក់បន្តថា ភាពយន្តខ្នាតធំរឿង «ស្នូរជើងអ្នកណា?» ​ជាភាពយន្តដែលលោកចំណាយការនិពន្ធ និងផលិតយ៉ាងលំបាក ដោយការចំណាយដើមទុនក៏ច្រើន​ ទម្រាំផលិតភាពយន្តរឿង «ស្នូរជើងអ្នកណា?» បានដោយជោគជ័យ។ មួយរឿងនេះ លោកធ្វើដើម្បីប្រកួតប្រជែងទីផ្សារ និងចង់ឲ្យអ្នកធ្លាប់តែវាយតម្លៃថា ភាពយន្តខ្មែរខ្វះគុណភាព និងមើលទៅមិនល្អមើល ផ្លាស់ប្ដូរឥរិយាបទ។

​មានការកត់សម្គាល់ឃើញថា ភាពយន្ត «ស្នូរជើងអ្នកណា?» ទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺឈុតឆាករន្ធត់ៗ និងសាច់រឿងប្រទាក់ក្រឡាតែម្ដង។ មួយរឿងនេះ គេអាចនិយាយបានថា អ្នកទស្សនានឹងមិនហ៊ានងើបចេញពីកៅអី សូម្បីតែចូលបន្ទប់ទឹកផង ដោយសារតែសាច់រឿង ពីមួយវគ្គ​ទៅមួយវគ្គ ស្ទើរមិនមានឈុតណាមិនទាក់ចិត្តអ្នកទស្សនាឃើញ ដែលបានលង់ខ្លួនចូលទៅអង្គុយ នៅខាងមុខអេក្រង់។

អ្នកទស្សនា យ៉ាងហោចជាងពាក់កណ្ដាលសុទ្ធតែ បានលាន់មាត់សរសើរថា ភាពយន្តរឿង «ស្នូរជើងអ្នកណា?» របស់ផលិតកម្ម Wonderfilm Cambodia ល្អមើល និងជាភាពយន្តទាក់ភ្នែក ដោយស្ទើរគ្រប់ឆាកអ្នកនិពន្ធ និងអ្នកដឹករឿងបានទាំងរំលេចឈុតរន្ធត់ៗ ធ្វើឲ្យអ្នកទស្សនាភ័យស្រែកពេញរោងនោះផង ខណៈដែលឈុតកំប្លែងស្ងួត ក៏មានប្លង់សើចចង់រឹងពោះមិនធម្មតា។ អ្វីដែលគួរសរសើរគឺភាពយន្តនេះ មិនយកតារាសម្ដែងដែលត្រូវគេឃើញ​សម្ដែងក្នុងភាពយន្ត ឡើងសាំភ្នែកមហាជនឲ្យមកសម្ដែង ដើម្បីទាក់ចិត្តអ្នកគាំទ្រនោះទេ ប៉ុន្តែបានជ្រើសតារាសម្ដែង ដែលជាពិធីករ និងជាក្រុមការងារបច្ចេកទេសឲ្យ​មកសម្ដែងហើយ សម្ដែងត្រូវចំគោលដៅ ធ្វើឲ្យឈុតឆាករឿងទាំងមូល ផ្ទុះការសរសើរបាន។

លោក សែម វិសាល បន្តថា ភាពយន្តនេះ ស្ដែងឡើងពីសាច់រឿងគ្រួសារមួយ ដែលហ៊ានទិញពោរពេញដោយអាថ៌កំបាំង ហើយគ្រួសារនេះ និងមនុស្សពាក់ព័ន្ធក៏សម្លាប់ ដោយវិញ្ញាណកាចសាហាវ។ មួយរឿងនេះ អ្វីដែលគេសរសើរ គឺមានសាច់រឿងបង្កប់ដោយអាថ៌កំបាំង ទស្សនាដល់ពាក់កណ្ដាលរឿង ទៅ​ហើយ នៅតែទាយដំណោះស្រាយរឿង មិនទាន់ដឹង។

សូមបញ្ជាក់ថា ភាពយន្តនេះនឹងសម្រេចដាក់បញ្ចាំង ចាប់ពីថ្ងៃទី១៩ កក្កដា តទៅ ក្រោមការចែកចាយផ្ដាច់មុខ របស់ក្រុមហ៊ុនពូព្រហ្ម ដោយលោករំពឹងថា ភាពយន្តនេះ ក៏នឹងស៊ីលុយមិនអន់ជាងរឿង «ផ្ទះចិញ្ចឹមខ្មោច» ដែលទើបកើបលុយក្នុងពេលដាក់បញ្ចាំងនោះ ប៉ុន្មានឡើយ៕