(ភ្នំពេញ)៖ មានវប្បធម៌អាក្រក់ៗជាច្រើន ដែលក្រុមលោក សម រង្ស៊ី បានសាបព្រួសនៅក្នុងសង្គមខ្មែរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះការប្រឌិតព័ត៌មានក្លែងក្លាយដើម្បីបំពុលមហាជនខ្មែរ ជាលទ្ធផល នៃស្នាដៃដ៏ស្មោគគ្រោកមួយរបស់ សម រង្ស៊ី ក្នុងចំណោមវប្បធម៌អាក្រក់ជាច្រើនទៀត ដែលក្រុមនេះបានបង្កើតឡើង។

និយាយពីព័ត៌មានក្លែងក្លាយ យើងសូមលើកឡើងព័ត៌មានក្លែងក្លាយមួយចំនួន ដែលក្រុមនេះបានបង្កើតឡើងនៅមុនការបោះឆ្នោត ពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបន្តដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ នៅមុនការបោះឆ្នោត ក្រុមទុច្ចរិតដែល លាក់ខ្លួនក្នុងទីងងឹតដឹកនាំដោយ សម រង្ស៊ី បានប្រឌិតឡើងទាំងស្រុងនូវព័ត៌មានដ៏ធំមួយ ដែលថាការប៉ះទង្គិចគ្នាក្នុងវិវាទដីធ្លី នៅក្នុងខេត្តក្រចេះ បានធ្វើឲ្យមនុស្ស៤នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។

ព័ត៌មាននេះត្រូវបានបណ្តាញរបស់ពួកគេ ដែលត្រៀមទុកជាស្រេចមានទាំងហ្វេសប៊ុក និងអង្គភាពព័ត៌មាន ដែលតាំងខ្លួនថាឯករាជ្យមួយចំនួនផងដូចជា កាសែតភ្នំពេញប៉ុស្តិ៍ ដែលគ្រប់គ្រងដោយម្ចាស់មុន ជាពិសេសវិទ្យុអាស៊ីសេរី ដែលជាឧបករណ៍ដាច់ថ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយម បានចុះផ្សាយបន្តយ៉ាងគគ្រឹកគគ្រេង ដូចរឿងមែនទែន។ វិទ្យុបម្រើនយោបាយអាមេរិកមួយនេះ ដែលមានខ្មែរជ្រុលនិយមឈ្មោះ ជុន ច័ន្ទបុត្រ ជាអ្នកដឹកនាំ បានបំប៉ោងព័ត៌មានក្លែងក្លាយនេះ រហូតដោយប្រកាសពីចំនួនអ្នក ស្លាប់កើនឡើងពី៤ ដល់៨នាក់ ហើយបានរៀបចំឆាកសម្ភាសន៍ មនុស្សដែលគេបង្គាប់ឲ្យនិយាយកុហក ដើម្បីធ្វើឲ្យមហាជនជឿលើព័ត៌មានប្រឌិតរបស់ពួកគេ។

ចំណែក សម រង្ស៊ី ដែលជាមេខ្លោងឯណោះវិញ ក៏ប្រញាប់បញ្ចេញសាររំលែកទុក្ខ ដែលបានត្រៀមទុកជាស្រេចនោះ បង្ហោះតាមហ្វេសប៊ុកដោយឥតអៀនខ្មាស គឺរំលែកទុក្ខអ្នកស្លាប់ដែលគ្មានអ្នកស្លាប់សោះ។ គោលបំណងរបស់ សម រង្ស៊ី និងក្រុមទុច្ចរិតដែលបានប្រឌិត ព័ត៌មានក្លែងក្លាយដ៏ធំនេះឡើង គឺដើម្បីបញ្ឆេះកំហឹងមហាជនខ្មែរឲ្យខឹងសម្បារ ជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល ហើយពួកគេឆ្លៀតឱកាសបង្កើតឲ្យមានភាពចលាចលសង្គមឡើង ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើចលនាបដិវត្តន៍ពណ៌ តាមគម្រោងផែនការរបស់ចៅហ្វាយនាយបរទេស។ ប៉ុន្តែ ឧបាយកលទុច្ចរិតដ៏ធំមួយនេះ ត្រូវបានបន្សាបទាន់ពេលវេលា បន្ទាប់ពីក្រុមសង្គមងងឹតនេះត្រូវបាន បកស្បែកមុខ ហើយទីបំផុតគ្មានអ្នកណាម្នាក់ស្លាប់ ឬរងរបួសក្នុងព្រឹត្តិការណ៍នេះទេ។ ទោះជាយ៉ាងនេះក្តីក៏ សម រង្ស៊ី និងវិទ្យុអាស៊ីសេរី មិនព្រមកែតម្រូវព័ត៌មានរបស់ខ្លួនដែរ។ នេះហើយ មុខមាត់ពិតរបស់បណ្តាញក្រុមទុច្ចរិតសង្គមងងឹត។

ឈានមកដល់ដំណាក់កាល យុទ្ធនាការឃោសនាបោះឆ្នោតនេះ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ រួមទាំងការយកព្រះមហាក្សត្រ ទៅលេងសើចក្នុងល្បែងនយោបាយបោកប្រាស់ប្រជាពលរដ្ឋ អ្នកបោះឆ្នោត ដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រៅពីការប្រមាថព្រះមហាក្សត្រ ព័ត៌មានក្លែងក្លាយទី១ ដែលពួកគេបង្កើតឡើងគឺ «ទឹកខ្មៅជ្រលក់ម្រាមដៃពេលបោះឆ្នោតមានជាតិគីមី អាចបណ្តាលឲ្យមនុស្សស្លាប់ក្នុងរយៈពេល២៤ម៉ោង»។ គោលបំណងរបស់ពួកគេដែលប្រឌិតព័ត៌មានបែបនេះឡើង គឺដើម្បីបំភ័យមហាជនកុំឲ្យចេញទៅបោះឆ្នោត ដើម្បីសម្រេចមហិច្ឆតាបំផ្លាញការបោះឆ្នោត បំផ្លាញប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។

ព័ត៌មានក្លែងក្លាយធំទី២ ដែលពួកគេបង្កើតឡើងពេលនេះទៀត គឺការបន្លំឯកសារធ្វើជាសមាគមវៀតណាម នៅកម្ពុជា ហើយអំពាវនាវឲ្យជនជាតិវៀតណាម ចេញទៅបោះឆ្នោតថ្ងៃទី២៩ កក្កដា។ គោលបំណងរបស់ពួកគេ ដែលបង្កើតព័ត៌មានក្លែងក្លាយនេះឡើង គឺដើម្បីឲ្យមហាជនខ្មែរមើលឃើញថា ការបោះឆ្នោតខាងមុខនេះ មានការលូកដៃពីជនជាតិវៀតណាម ហើយបញ្ឆេះកំហឹងខ្មែរឲ្យស្អប់វៀតណាម និងឈានទៅបង្កើតអំពើហិង្សាប្រឆាំងវៀតណាម និងឈានទៅបំផ្លាញការបោះឆ្នោតតែម្តង។ ជាថ្មីម្តងទៀត ព័ត៌មានប្រឌិតក្នុងចេតនា ទុច្ចរិតនេះក៏ត្រូវបានបកស្បែក មុខទាន់ពេលវេលា។ នៅពេលខាងមុខនេះ ពួកក្រុមទុច្ចរិតដឹកនាំដោយ ទណ្ឌិតសម រង្ស៊ី ក៍មានផែនការទុច្ចរិតជាច្រើនទៀត ដែលត្រូវបញ្ចេញក្នុងដំណាក់កាលឃោសនារកសំឡេងឆ្នោត ក្នុងថ្ងៃស ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ ពួកគេនឹងប្រឌិតព័ត៌មានក្លែងក្លាយជាច្រើនទៀត រហូតដល់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទិន្នន័យមួយចំនួន របស់រាជរដ្ឋាភិបាល ដែលពួកគេបង្កើតឡើងដោយខ្លួនឯង ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ ប៉ុន្តែមិនខុសពីលើកមុនៗទេ ផែនការខ្មៅកខ្វក់របស់ សម រង្ស៊ី និងបក្សពួក មិនអាចគេចផុតពីក្រសែភ្នែករបស់អាជ្ញាធរមានសមត្ថកិច្ចបានទេ។ កន្លងទៅ សកម្មភាពដ៏អាក្រក់បំផុតមួយដែលពួកគេបានប្រើដែរនោះគឺ ការប្រើប្រាស់ក្រុមហេកខឺ ឲ្យហែកចូលក្នុងគណនីយហ្វេសប៊ុក របស់មន្ត្រីឬឥស្សរៈជនសំខាន់ៗ ដើម្បីបញ្ចេញព័ត៌មានក្លែងក្លាយបំភាន់សាធារណៈមតិឲ្យយល់ច្រឡំ។

ជាសរុប ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី បានសាបព្រួសវប្បធម៌អាក្រក់ច្រើនណាស់ក្នុងសង្គមខ្មែរ។ វប្បធម៌ជេរប្រមាថ កាត់តរូបភាពក្លែងក្លាយ ដើម្បីប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំប្រទេស, វប្បធម៌លាបពណ៌, វប្បធម៌គំនុំសងសឹក, ញុះញង់បំបែកបំបាក់, វប្បធម៌ហិង្សាវាយកម្ទេច ដុតបំផ្លាញ, វប្បធម៌បញ្ឆេះកំហឹងពូជសាសន៍, វប្បធម៌ក្តិចត្រួយសឹងជាវប្បធម៌ដ៏គ្រោះថ្នាក់ ហើយដែលកំពុងកើតមានជាក់ស្តែង​ក្នុងសង្គមបច្ចុប្បន្ន​ គឺជាស្នាដៃសមិទ្ធផលរបស់ សម រង្ស៊ី។ គោលដៅចុងក្រោយរបស់ពួកគេគឺបំពុលទឹក ដើម្បីចាប់ត្រី ពោលគឺបំពុលមនុស្សដើម្បីពួកគេងាយស្រួលបោក។

បច្ចុប្បន្ន ពួកគេនៅតែបន្តសាបព្រួសវប្បធម៌ដ៏ស្មោគគ្រោកនេះ ដោយមិនព្រមឈប់ឡើយ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះឧបាយកលទុច្ចរិតទាំងនេះ ហើយកុំជឿលើព័ត៌មានដែល មិនបានផ្ទៀងផ្ទាត់ច្បាស់លាស់។

ទោះជាយ៉ាងណា ប្រទេសយើងមានសំណាងដោយសារមានតួអង្គដែលជា «អង់ទីគ័រ» សម្រាប់ការពារខ្លួនដ៏រឹងមាំប្រឆាំងការយាយីពីមេរោគបានយ៉ាងល្អ។ នោះគឺតួអង្គបុរសខ្លាំងកម្ពុជា គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដរាបណានៅមានជនសង្គមងងឹតដែលប៉ុនប៉ង យាយីសេចក្តីសុខសានរបស់ប្រជាជន បុរសខ្លាំងម្នាក់នេះ នឹងបន្តឈរនៅយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម ការពារលំនឹងជីវភាពរបស់ប្រជាជន និងការពារប្រជាធិបតេយ្យ សេរីពហុបក្ស មិនឲ្យរងការបំផ្លិចបំផ្លាញដោយក្រុមទុច្ចរិតបានឡើយ។ យើងទាំងអស់គ្នាជាខ្មែរដែល ស្រឡាញ់អំពើល្អ និងស្អប់ខ្ពើមអំពើទុច្ចរិត ខ្មៅកខ្វក់ ក៏នៅតែត្រូវការបុរសខ្លាំងរបស់យើងដើម្បីការពារយើងគ្រប់គ្នាដែរ៕

ដោយ៖ ពុទ្ធសាសនិកជនម្នាក់ ក្នុងរាជធានីភ្នំពេញ