(ភ្នំពេញ)៖ បន្ទាប់​ពីមានកិច្ចប្រជុំ ជាមួយក្រសួងពាណិជ្ជកម្ម រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញអង្ករ និងភាគីពាក់ព័ន្ធលើ​បញ្ហា​ថ្លៃស្រូវអ៊ីអ៊ែ រួចមក ធនាគារអភិវឌ្ឍន៍ជនបទ បានពិនិត្យឃើញថា ថ្លៃស្រូវអ៊ីអ៊ែតាមបណ្តាខេត្ត ដែលផលិត​ស្រូវ​ប្រភេទនេះ មានស្ថានភាពប្រែប្រួលជាវិជ្ជមាន ដោ​យ​គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្រូវ​អ៊ី​អ៊ែ ​មាន​​ថ្លៃ​ប្រែ​ប្រួល​តាមតំបន់មួយចំនួន។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ថ្លៃស្រូវអ៊ីអ៊ែ នៅតាមបណ្តាខេត្តមានស្ថានភាពល្អ នៅតែផ្តល់ផលចំណេញដល់ប្រជាកសិករ ដោយមានតម្លៃ៖

១៖ តំបន់ខេត្តកំពង់ធំ មានតម្លៃចន្លោះពី៧៩០រៀល ​ទៅ៨០០រៀល ​ក្នុង១គីឡូក្រាម
២៖ តំបន់ខេត្តកណ្តាល មានតម្លៃចន្លោះពី​៨០០រៀល ​ទៅ៨៣០រៀល ​ក្នុង១គីឡូក្រាម
៣៖ តំបន់ខេត្តតាកែវ មានតម្លៃចន្លោះពី​៨០០រៀល ​ទៅ៨៥០រៀល ​ក្នុង១គីឡូក្រាម
៤៖ តំបន់ខេត្តព្រៃវែង ​មានតម្លៃចន្លោះពី​៧៩០រៀល ​ទៅ៨០០រៀល ​ក្នុង១គីឡូក្រាម

ធនាគារអភិវឌ្ឍន៍ជនបទបញ្ជាក់ទៀតថា ក្នុងតម្លៃដូចខាងលើនេះ​ គឺជាតម្លៃដែលនៅតែមានស្ថានភាពល្អ និងមានផលចំណេញដ​ល់ប្រជា​កសិករ​នៅឡើយ បើធៀបទៅនឹងថ្លៃដើម នៃការដាំដុះស្រូវជាមធ្យមចំនួន២,៨០០,០០០រៀល ក្នុងមួយ​ហិ​ច​តា រួមមាន ថ្លៃភ្ជួររាស់ដី ថ្លៃពូជ-ជី-ថ្នាំ ថ្លៃច្រូតកាត់ និងថ្លៃដឹកជញ្ជូនជាដើម។

ធនាគារអភិវឌ្ឍន៍ជនបទ សង្កត់ធ្ងន់ថា «ជាទូទៅទិន្នផល​ស្រូវអ៊ីអ៊ែ ទទួល​បាន​ជាមធ្យម៦តោន ក្នុង១ហិកតា ហើយថ្លៃ​ស្រូវបច្ចុប្បន្នជាមធ្យម៨០០រៀល ក្នុង១គីឡូក្រាមនោះ ​​​ផល​​ចំណូល​ក្នុង​ពីការលក់ស្រូវ ក្នុងមួយហិកតា ស្មើនឹង៤,៨០០,០០០រៀល ផាត់ទាត់ជាមួយថ្លៃដើម នៃ​ការ​ផលិត​ជា​មធ្យមចំនួន ២,៨០០,០០០រៀល គឺប្រជាកសិករនៅតែទទួលបាន ​ប្រាក់ចំណេញ​ជាមធ្យម​ចំនួ​ន ២,០០០,០០០រៀល ក្នុង​១ហិកតា»៕