(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃក្រុមការងារគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ តែងបានចុះសំណេះសំណាល បង្រៀនគូសសន្លឹកឆ្នោត និងចែកខិត្តបណ្ណតាមខ្នងផ្ទះសមាជិកបក្ស និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ជាក់ស្តែងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌ រួមជាមួយក្រុមការងារសង្កាត់ ភូមិ បានចុះសំណេះសំណាល បង្រៀនគូសសន្លឹកឆ្នោត និងបិទខិត្តបណ្ណគោលនយោបាយគណបក្សតាមខ្នងផ្ទះប្រជាពលរដ្ឋ និងសមាជិកបក្ស ក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ដើម្បីត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិក្រោយៗ ជាបន្តបន្ទាប់ទៀត។

ដោយឡែក ក្រុមការងារក្នុងសង្កាត់ទាំង១៣ បានចុះជាប់ជាប្រចាំ ដោយធ្វើសកម្មភាពបង្រៀនគូសសន្លឹកឆ្នោត និងណែនាំឲ្យសមាជិកបក្ស ប្រជាពលរដ្ឋ យល់ច្បាស់ពីលេខរៀងគណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

នៅក្នុងឱកាសនោះលោក នុត ពុធដារ៉ា បានលើកឡើងថា ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជា ហ៊ុន សែន ជាប្រមុខដឹកនាំ ក្រៅពីបានរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ គឺបានកសាងប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ ដោយប្រជាពលរដ្ឋក៍មានជីវភាពធូរធាផងដែរ។

ជាក់ស្តែងនៅខណ្ឌដង្កោ ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋានឃុំ/សង្កាត់ដែលនាំមានប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា នៅក្នុងអាណត្តិទី៦នេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ គឺមានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដូច្នេះសូមបងប្អូនបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ក្នុងការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីអណត្តិទី៦នេះ និងអណត្តិបន្តៗទៀត ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត៕