(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ីដេ​ហ៊ីសា បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលបានថ្វាយសារចូលរួមរំលែកមរណទុក្ខ និងទ្រង់សម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋជប៉ុន ដែលរង់គ្រោះដោយសារទឹកជំនន់។

នៅក្នុងវិដេអូរយៈពេល ៦០វិនាទីដែលធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឯកអគ្គរាជទូតជប៉ុន ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបានចូលរួមសោកស្តាយ ក៏ដូចជាលើកទឹកចិត្តដល់ប្រជាពលរដ្ឋជប៉ុន ដែលបានជួបគ្រោះដ៏អកុសលនេះ។

លោកឯកអគ្គរាជទូតជប៉ុន បានលើកឡើងរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នឹងប្រឹងប្រែងរួមគ្នា ដើម្បីស្តារឡើងនៅតំបន់ដែលបំផ្លាញដោយទឹកជំនន់ដ៏កំណាចនេះ។

សូមរំលឹកថា នៅខែមិថុនាកន្លងទៅនេះ ប្រជាពលរដ្ឋជប៉ុននៅតាមបណ្តាខេត្តភាគខាងលិច បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់។ គ្រោះទឹកជំនន់នេះ បានធ្វើឲ្យពលរដ្ឋជប៉ុនប្រមាណជា ២០០នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀត បានបាត់ខ្លួន។ ក្នុងមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារទៀតត្រូវបានបាត់បង់ផ្ទះសម្បែងផងដែរ។

ទាំងព្រះមហាក្សត្រខ្មែរ នាយករដ្ឋមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋខ្មែរ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ជាមួយព្រះចៅអធិរាជ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន ចំពោះការជួបគ្រោះអកុសលបង្កឡើងដោយទឹកជំនន់នេះ៕