(បន្ទាយមានជ័យ)៖ ស្ត្រីវ័យ៥១ឆ្នាំម្នាក់ បានស្លាប់ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយហេតុគ្រោះថ្នាក់ខ្សែភ្លើងឆក់ នៅចន្លោះវេលាម៉ោង៥ទៅម៉ោង៦ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិអូរវែង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ការស្លាប់របស់ស្រ្តីរងគ្រោះ បានកើតចំពេលដែលកូនរបស់គាត់ បានរៀបចំពិធីឡើងគេហដ្ឋានថ្មី។

នគរបាលរដ្ឋបាលឃុំតាបែន បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ ណាគ្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានក្រោកបោសសំរាម នៅក្នុងរោងពិធីសម្រាប់ទទួលភ្ញៀវ ពេលកំពុងតែបោសនោះ គាត់បានឃើញព្រីខ្សែភ្លើងដែលបែក ត្រូវបានគេរុំស្របថង់ និងយកស្បៃសម្រាប់ហាលស្រូវមកគ្របពីលើ ជួនជាស្បៃនោះសើមត្រូវទឹកភ្លៀងផងនោះ ក៏បណ្តាលឲ្យឆក់រងរបួសធ្ងន់ ហើយក៏បានស្លាប់ខណៈបញ្ជូនទៅមន្ទីរពេទ្យ។

នគរបាលបានបញ្ជាក់ថា នេះគឺជាឆ្វេសប្រហែស ចំពោះអ្នកតខ្សែភ្លើង ឃើញព្រីបែកហើយមិនព្រមផ្លាស់ប្តូរនៅតែយកមកប្រើទៀត។

នគរបាលប៉ុស្តិ៍ ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រើប្រាស់ប្រព័ន្ធភ្លើង មានការប្រុងប្រយ័ត្ន ជាពិសេសកុំស្តាយព្រីដែលបែកបាក់ ហើយត្រូវផ្លាស់ប្តូរចេញជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ។

បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានក្រុមការងារ «ខ២៧» ខេត្ត ចុះជួយឃុំ និងភូមិអូរវែងបាននាំយកថវិកា និងសម្ភារជួយឧបត្ថម្ភ ក្នុងកម្មវិធីបុណ្យនោះផងដែរ៕