(ភ្នំពេញ)៖ គណបក្សនយោបាយទាំង២០ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ សុទ្ធតែបានបង្ហាញគោលនយោបាយផ្សេងៗគ្នា ដើម្បីទាក់ទាញសមានចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ក្នុងគោលនយោបាយរបស់គណបក្សទាំងអស់សុទ្ធតែផ្តោតសំខាន់ចំពោះការកសាងជាតិ និងលើកកម្ពស់ជីវភាពឲ្យប្រជាពលរដ្ឋកាន់តែប្រសើរ។

សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានដឹកនាំរាជរដ្ឋាភិបាល៥អាណត្តិរួចមកហើយនោះ បានបង្ហាញគោលនយោបាយសំខាន់ៗចំនួន១១ចំណុចសម្រាប់ការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅពេលឈ្នះឆ្នោតអាណត្តិទី៦នេះ។ បន្ថែមពីលើគោលនយោបាយចម្បងទាំង១១នោះហើយ ប្រមុខគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងបន្តពុះពារធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងធ្វើកំណែទម្រង់អភិបាលកិច្ច ដើម្បីពង្រឹងស្ថាប័នសាធារណៈផងដែរ។

នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្តេជ្ញាប្រឹងប្រែងដឹកនាំអភិវឌ្ឍន៍ជាតិយ៉ាងដូច្នេះថា «ខ្ញុំសូមសន្យាយ៉ាងឧឡារិកជាថ្មីម្តងទៀតថា ក្រោយពេលគណបក្សប្រជាជកម្ពុជាឈ្នះឆ្នោត គណបក្សនឹងបន្តពុះពារធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតអាទិភាពទៅលើការកែទម្រង់អភិបាលកិច្ចសំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ, ការវិនិយោគលើមូលធនមនុស្ស, ការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ»

សម្តេចតេជោ ហ៊ុន សែន បានប្រកាសផងដែរថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី៦ សម្តេចនឹងពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូ ក្នុងការអភិវឌ្ឍជាមួយគ្រប់ដៃគូ ដែលមានការពាក់ព័ន្ធ ពិសេសការពង្រឹងសមត្ថភាពកម្ពុជាសម្រាប់សមាហរណកម្មជាមួយសេដ្ឋកិច្ចតំបន់ និងពិភពលោក ដែលទាំងអស់នេះ គឺជាធាតុផ្សំចាំបាច់សម្រាប់ធ្វើឲ្យប្រជាជនគ្រប់ៗរូបមានកម្រិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយរស់នៅយ៉ាងសុខដុមរមនា ក្នុងសង្គមកម្ពុជាមួយ ដែលគោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។

សម្តេចប្រមុខបក្សប្រជាជនកម្ពុជា បានប្រកាសដែរថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដីដ៏ពេញលេញ និងកិត្យានុភាពដ៏ខ្ពង់ខ្ពស់ត្រដែតរបស់កម្ពុជានៅលើឆាកអន្តរជាតិ, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តកែលម្អ និងលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន៕