(ស្វាយរៀង)៖ លោកស្រី កែវ សោភ័ណ្ឌ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ជាអភិបាលរងស្រុករមាសហែក ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលាស្រុករមាសហែក។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំង លោកអភិបាល អភិបាលរងស្រុក នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ការិយាល័យជំនាញចំណុះសាលាស្រុក និងលោក លោកស្រីមេឃុំ ក្នុងស្រុករមាសហែក ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ បានផ្ដាំផ្ញើដល់គណៈអភិបាលស្រុក អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់នូវចំណុចសំខាន់ៗ ចំនួន៨ដូចខាងក្រោម៖

១៖ ត្រូវរួមគ្នាពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ បែងចែកតួនាទីភារកិច្ចក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់
២៖ ថែរក្សាការពារ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ
៣៖ ចូលរួមសហការការពារដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយរលូន ព្រមទាំងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសលួច ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ
៤៖ គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តន៍បានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន
៥៖ បង្កើនការរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណភាព អនាម័យបរិស្ថាននៅទីប្រជុំជនស្រុក ជាពិសេសត្រូវរៀបចំទីលានចាក់សំរាមឲ្យបានត្រឹមត្រូវ
៦៖ ខិតខំបង្រួមទំនាស់ និងពង្រីកការដោះស្រាយនូវរាល់ទំនាស់ផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានស្រុក
៧៖ បន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈឲ្យបានល្អ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
៨៖ បន្តទប់ស្កាត់ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់នូវរាល់សកម្មភាពរំលោភដីចំណីផ្លូវ ចំណីទន្លេព្រែក និងទ្រព្យសម្បត្តិសាធារណៈផ្សេងទៀត ទន្ទឹមនេះក្នុងនាមជាមន្ត្រីសាធារណៈ ក៏ត្រូវចៀសវាងឲ្យបាននូវរាល់សកម្មភាពដែលបង្កឲ្យមានការថ្នាំងថ្នាក់ផ្សេងៗ៕