(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០១៨នេះ​ ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង បានបន្តស្រកចុះក្រោមមួយកម្រិតបន្ថែមទៀត តែចរាចរឆ្លងកាត់ នៅបន្តបិទជាបណ្តោះអាសន្នដដែល។ នេះបើយោងតាម Facebook ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅរសៀលនេះ។

ក្រសួធនធានទឹកបានបញ្ជាក់ថា «មកដល់ម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គីឡូម៉ែត្រ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តស្រកចុះមួយកម្រិតបន្ថែមទៀត ប៉ុន្តែទឹកនៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៣០០ទៅ៤០០ម៉ែត្រ ក្នុងកម្ពស់ប្រមាណពី ០.៨០ទៅ០.៨៥ម៉ែត្រ។ ភ្លៀងនៅតែបន្តធ្លាក់ ឯការធ្វើចរាចរឆ្លងកាត់ ក៏នៅតែបន្តផ្អាកដដែល»

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា រយៈពេលនេះ ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាបកំពុងមានឥទ្ធិពលនៅកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យខេត្តនៅជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន។

ក្រសួងបានបញ្ជាក់ទៀតថា ចំពោះបណ្តារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕