(ភ្នំពេញ)៖ នៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៨នេះ អាវុធហត្ថលើផ្ទៃប្រទេស ធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់ឲ្យលម្អិតជុំវិញការចាប់ខ្លួនម្ចាស់គណនី Facebook ឈ្មោះ​ «យមរាជ លោកីយ៍» ដែលត្រូវបានចាត់ទុកថា បង្ហោះ Facebook ធ្វើប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថ ។ សន្និសីទសារព័ត៌មាននេះ ចាប់ផ្តើមនៅម៉ោង៩៖០០ព្រឹក ដោយធ្វើឡើង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ។

សូមជម្រាបថា ជនសង្ស័យ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» មានឈ្មោះពិត សន សំនៀង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ចាប់ខ្លួន នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨​។ បុគ្គលឈ្មោះ សន សំនៀង នេះ​ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន មួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។

ឈ្មោះ «យមរាជ លោកកីយ៍» មានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ​ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្ស ស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕