(ភ្នំពេញ)៖ ក្រុមសង្គមងងឹតដឹកនាំដោយទណ្ឌិត សម រង្ស៊ី កំពុងប្រើឧបាយកលទុច្ចរិតគ្រប់បែបយ៉ាងដែលខួរក្បាលអសិរពិសរបស់ ពួកគេអាចផលិតបានតែរឿង

អាក្រក់ៗស្មោគគ្រោកដើម្បីបំពុលប្រជាពលរដ្ឋខ្មែរ។ ក្នុងចំណោមឧបាយកលទុច្ចរិតជាច្រើន ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីប្រើជាមធ្យោបាយមួយក្នុងការ បំពេញគោលដៅដ៏ខ្មៅកខ្វក់របស់ខ្លួន។ ជាក់ស្តែងបន្ទាប់ពីបានយកព្រះមហាក្សត្រទៅលេងសើចក្នុងល្បែងបោកប្រាស់ប្រជាពលរដ្ឋ ដោយគ្មានកោតញញើតមក ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី បានបង្កើតព័ត៌មានក្លែងក្លាយមួយទៀត តាមរយៈការក្លែងបន្លំជាសមាគមវៀតណាមនៅកម្ពុជា ហើយអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅ បោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា។ គោលដៅរបស់ក្រុម សម រង្ស៊ី ដែលប្រឌិតព័ត៌មានក្លែងក្លាយនេះឡើងគឺ៖

ទី១៖ ដើម្បីបញ្ឆេះកំហឹងជាតិសាសន៍ឲ្យខ្មែរស្អប់ វៀតណាមដូចដែលពួកគេធ្លាប់បានធ្វើជាច្រើនទសវត្សរ៍មកហើយ។ ការដុតបញ្ឆេះកំហឹងពូជសាសន៍គឺជាស្នូលនៃ គោលនយោបាយរបស់ សម រង្ស៊ី ដែលបានអនុវត្តចាប់តាំងពីការបង្កើតបក្សដំបូងតាំងពីឆ្នាំ១៩៩៥ មក។ ជាគោលនយោបាយដែលពិភពលោកកំពុងស្អប់ខ្ពើមបំផុត តែវាក៍កំពុងពេញនិយមបំផុតសម្រាប់ក្រុមជ្រុលនិយមរបស់ សម រង្ស៊ី ពីព្រោះគោលបំណង ចុងក្រោយរបស់ពួកគេដែលបំផុសរឿងនេះ គឺដើម្បីឲ្យខ្មែរសម្លាប់ជនជាតិ វៀតណាមដូចពួកប៉ុលពត។

ទី២៖ ដើម្បីបំផ្លាញការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខដូចដែល ពួកគេបាននិងកំពុងប៉ុនប៉ងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាហើយ ងាកទៅដណ្តើមអំណាចតាមរយៈ ការបង្ហូរឈាម ដូចអតីតកាលឡើងវិញពីព្រោះពួក នេះយល់ថា ការបោះឆ្នោតមិនអាចឲ្យពួកគេឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយដោយសារ ប្រជាពលរដ្ឋខ្មែរមិនបោះឆ្នោតឲ្យពួកគេឡើយពីព្រោះតែខ្មែរស្អប់ខ្ពើមពពួកសង្គមងងឹត ដែលមិនចេះធ្វើអ្វីដើម្បីសង្គមទាល់តែសោះ គឺចេះតែបង្ករឿង ញុះញង់ បញ្ឆេះកំហឹង។ ម្លោះហើយ បានជាក្រុម សម រង្ស៊ី នេះកំពុងតាំងខ្លួនជាសត្រូវនឹងការបោះឆ្នោត។

ទី៣៖ ដើម្បីពង្វក់ស្មារតី ពលរដ្ឋខ្មែរជាពិសេសយុវជន ដែលកំពុងពេញនិយមលេង ហ្វេសប៊ុកឲ្យពុលនឹងព័ត៌មានមិនពិតដែលពួកគេប្រឌិតឡើង។ គោលដៅរបស់ក្រុមនេះគឺធ្វើយ៉ាងណាកុំឲ្យយុវជនដែលជាទំពាំងស្នងឬស្ស៊ី ទទួលបានព័ត៌មានពិត ព័ត៌មានល្អៗ ដើម្បីជាគ្រឹះកសាងគំនិតវិជ្ជមានសម្រាប់ជួយសង្គមឡើយ។ ផ្ទុយទៅវិញ ពួកសង្គមងងឹតដឹកនាំដោយ សម រង្ស៊ី ពង្វក់ខួរក្បាលយុវជនឲ្យពុលនឹងព័ត៌មានអាក្រក់ដើម្បីពួកគេងាយដឹកច្រមុះ ងាយបោកប្រាស់ ឲ្យបម្រើគោលនយោបាយទុច្ចរិតរបស់ខ្លួន។

ទី៤៖ ដើម្បីបម្រើមហិច្ឆតាចៅហ្វាយបរទេសរបស់ពួកគេ ក្នុងការបង្កើតចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។ ដូចយើងបានដឹងស្រាប់ ក្រុមស្ថាបនិកចលនាបដិវត្តពណ៌ចាប់យក យុវជនឈាមរាវ និងជនសង្គមងងឹតជាក្រុមគោលដៅពីព្រោះក្រុមនេះជាជន ដៃដល់ពូកែជេរប្រមាថ វាយបំផ្លាញ និងអាចបង្កអំពើហិង្សាបានគ្រប់បែបយ៉ាង។ ដូច្នេះ ពួកគេត្រូវពង្វក់ស្មារតីក្រុមគោលដៅនេះឲ្យវង្វេង លែងដឹងខុសត្រូវទើបស្រួលប្រើ។ អ្វីដែលគេបានឃើញក្នុងហ្វេសប៊ុក របស់ក្រុមនេះជាឧទាហរណ៍ស្រាប់។ គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានប្រើប្រាស់ពួក ញៀនថ្នាំដើម្បីធ្វើបាតុកម្មឈានទៅផ្ទុះហិង្សាវាយកម្ទេច ដុតបំផ្លាញ និងបង្កឲ្យមានអំពើហិង្សារហូតដល់មានមនុស្សស្លាប់ និងរបួសកាលពីក្រោយការ បោះឆ្នោតឆ្នាំ ២០១៣ ដែល ពួកគេយកជាការសាកល្បងសម្រេចគោលដៅបដិវត្តន៍ពណ៌។ ប៉ុន្តែគោលដៅនេះត្រូវបរាជ័យទាំងស្រុងដោយសាររាជរដ្ឋាភិបាលបានដឹងផែនការ មុន ហើយវាយបំបែកទាន់ពេលវេលា រហូតធ្វើឲ្យពួក សម រង្ស៊ី ក្លាយជាឧទ្ទាមចោរព្រៃរកដីនៅមិនបាន។

សរុបទៅនយោបាយកខ្វក់ខ្មៅងងឹតរបស់ សម រង្ស៊ី គ្មានអ្វីជាអាថ៌កំបាំងឡើយ។ ពួកគេធ្លាប់បានអនុវត្តន៍តាំងពីច្រើនទសវត្សរ៍មកហើយ។ ឥឡូវនេះល្បិចកលរបស់ពួកគេកាន់តែ ពិសពុលជាងមុនទៅទៀត ដោយសារតែពួកគេខឹងសម្បារខ្លាំងណាស់ដែលឧបាយកលរបស់ខ្លួនត្រូវទទួលបរាជ័យជាបន្តបន្ទាប់ ស្ទើរតែទាំងស្រុងទៅហើយ។ ទោះយ៉ាងណា នេះគ្រាន់តែជាស្ថានភាពមនុស្ស ស្លឈាមតែប៉ុណ្ណោះ។ ល្បិចកលដដែលៗនេះមិនអាចធ្វើឲ្យប្រទេសនេះក្រឡាប់ចាក់ដូចដែលពួកគេប៉ងបានឡើយពីព្រោះ តែយើងមានបង្អែករឹងមាំបំផុត នោះគឺរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកធានាការពារសន្តិភាព ស្ថិរភាពសង្គម ការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា។

ផ្ទុយទៅវិញ ក្រុមសង្គមងងឹតនេះនឹងស្គាល់តែក្តីវិនាសងើបមុខ មិនរួចឡើយក្រោមបណ្តាសាររបស់ពលរដ្ឋខ្មែរ បណ្តាសាររបស់បារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា និងបណ្តាសាររបស់ទេវតាថែរក្សាទ្វីបលោកទាំងមូលដែលជាអ្នកការពារអំពើល្អនៅលើផែនដីនេះ៕

ដោយ៖ ព្រឹទ្ធាចារ្យម្ចាស់ស្រុកម្នាក់