(សេអ៊ូល)៖ ទស្សនាវដ្ដីអាមេរិក Stars & Stripe បានរាយការណ៍ថា កូរ៉េខាងជើងបានយល់ព្រមប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ៥៥នាក់ ដែលបានបាត់បង់ជីវិតនៅអំឡុងសង្រ្គាមកូរ៉េ ឱ្យទីក្រុងវ៉ាស៊ីនតោនវិញ ក្រោយមានកិច្ចចរចារវាងភាគីទំាងពីរជាបន្តបន្ទាប់ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

ការអះអាងខាងលើរបស់ទស្សនាវដ្ដី Stars & Stripe ធ្វើឡើងដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ។ ទស្សនាវដ្ដីមួយនេះ បានបញ្ជាក់បន្ថែមទៀតថា កូរ៉េខាងជើងបានយល់ព្រមថានឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកយក អដ្ឋិធាតុកងទ័ពអាមេរិក៥៥នាក់នេះ ត្រឡប់ទៅវិញនៅសប្ដាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា បើតាមមន្ត្រីអាមេរិកខាងលើ ទីក្រុងព្យុងយ៉ាង បានជូនដំណឹងដល់ប្រតិភូអាមេរិកថាខ្លួននឹងបញ្ជូនអដ្ឋិធាតុកងទ័ព អាមេរិកពី៥០ ទៅ៥៥នាក់ឱ្យទីក្រុងវ៉ាស៊ីនតោនវិញ ហើយដែលនេះនឹងក្លាយជាការធ្វើមាតុភូមិនិវត្តនៃអដ្ឋិធាតុកងទ័ពអាមេរិក ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៧មក៕