(តាកែវ)៖ លោក​ សុខ សូកាន បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ គណបក្សស្រុកគ្រប់លំដាប់ថ្នាក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ​ បានបន្តចុះឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា​ ជាមួយការប្ដេជ្ញាធ្វើឲ្យស្រុកមួយនេះ​ នៅតែជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា​។

ការឃោសនានេះបានធ្វើឡើងនៅឃុំចំនួន៤ គឺឃុំតាអូរ ឃុំព្រៃរំដេង ឃុំព្រៃអំពក និងឃុំកំណប់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត ដើម្បីរក្សាសុខសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងលើកស្ទួយវប្បធម៌ជាតិ។

ក្នុងឱកាសនោះ លោក​ សុខ សូកាន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់​ ដែលនៅជាប់ជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយរួមសុខរួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន។ ការយកជីវិតជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងប្រជាជន រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ គឺជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបានឡើយ។

លោកបានរំឭកថា ក្នុងប្រវត្តិនៃការបោះឆ្នោតនៅគ្រប់អាណត្តិរបស់កម្ពុជា​ ចាប់តាំងពីឆ្នាំ១៩៩៣មក ស្រុកគិរីវង់​ គឺជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានចង្អុលបង្ហាញ​ និងដឹកនាំក្រុមការងារស្រុកគិរីវង់ដោយផ្ទាល់ប្រកបដោយបញ្ញានុភាព និងចក្ខុវិស័យយ៉ាងស៊ីជម្រៅ។

លោកក៏បានអំពាវនាវដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ មេត្តាចលនាសាច់ញាតិបងប្អូនរបស់ខ្លួនឱ្យ​ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលមានលេខរៀងទី២០ ដើម្បីឱ្យ​សមាជិកបក្ស១រូប ក្លាយជាសំឡេងឆ្នោតគាំទ្រគណបក្ស១សំឡេង ក្នុងការបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ​សម្រាប់អាណត្តិទី៦ និងដើម្បីបន្តរក្សាកេរិ៍ត​ឈ្មោះ​​ស្រុកគិរីវង់​ ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែល​​​ជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។

អ្នកតំណាងរាស្រ្តរូបនេះ បានចុះឃោសនារកសំឡេងឆ្នោតតាមឃុំចំនួន៤រួចហើយ គឺឃុំភ្នំដិន ឃុំសោម ឃុំព្រះបាទជាន់ជុំ និងឃុំគិរីចុងកោះ ហើយក៏គ្រោងនឹងបន្តចុះឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ នៅគ្រប់ឃុំទាំងអស់នៃស្រុកគិរីវង់​ រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ​។