(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងដល់ អភិបាលក្រុង ស្រុកទាំង៨ ប្រធានអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះក្នុងពេលមានគ្រោះជំនន់ទឹកភ្លៀង។

លិខិតរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃនេះ បានដាក់ចេញនូវវិធានការសំខាន់ ចំនួន៤ចំណុចដូចខាងក្រោម៖

ទី១៖ រដ្ឋបាលក្រុង ស្រុក ត្រូវត្រៀម និងយកចិត្តទុកដាក់លើមុខសញ្ញា ដែលងាយរងគ្រោះដូចជា៖ កុមារតូចៗ, ចាស់ជរា, ជនពិការជាដើម ក្នុងការត្រៀមបម្រុងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ទី២៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជំនាញពាក់ព័ន្ធ ត្រូវតាមដានយកចិត្ដដាក់បង្ការជំងឺសត្វពាហនៈគ្រប់ប្រភេទ និងជាពិសេសអន្ដរាគមន៍ ក្នុងការសង្គ្រោះសន្ទូង សំណាប របស់ប្រជាពលរដ្ឋដែលមានការខូចខាត ព្រមទាំងជួយឧបត្ថម្ភគ្រាប់ពូជដល់ប្រជាកសិករ ដែលជួបប្រទះក្នុងការលំបាកនេះ។

ទី៣៖ មន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមថ្នាំសង្កូវសម្រាប់បង្ការ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។

និងទី៤៖ កងកម្លាំងទាំង៣ ត្រូវត្រៀមសង្គ្រោះឲ្យបានទាន់ពេលវេលាទៅតាមមធ្យោបាយផ្សេងៗ នៅពេលដែលមានគ្រោះអាសន្នកើតឡើង។

យ៉ាងណាមិញ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំលឹកឲ្យប្រុងប្រយ័ត្ន​ចំពោះជនឱកាសធ្វើអំពើចារកម្ម លួច ឆក់ ទ្រព្យសម្បត្ដិ ឬបង្កឲ្យមានបាតុភាពផ្សេងៗ៕