(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានអះអាងចំពោះមុខប្រជាពលរដ្ឋថា នៅក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុវត្តន៍ការយកពន្ធលើដីកសិកម្មពីប្រជាកសិករឡើយ គឺមានតែខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតជូនប្រជាកសិករ ដើម្បី​លក់កសិផលជាមួយតម្លៃសមរម្យ សំដៅបង្កើនជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ការ​អះអាង​របស់លោកប្រធាន ប៉ាន សូរស័ក្តិ បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅក្នុងឃុំសំរោង និងឃុំល្វានៃស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងពីរឃុំ ប្រមាណជាង ៧០០នាក់។

«ខ្ញុំសូមធានាថា នឹងគ្មានការយកពន្ធដីកសិកម្មឡើយ បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត! ហើយខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបើកទីផ្សារថ្មីៗថែមទៀតជូនបងប្អូនទាំងអស់ ដើម្បីលក់កសិផលឲ្យបានកាន់តែច្រើន តាមរយៈការអនុវត្ត “ភាពជាដៃគូពហុភាគីក្នុងកសិធុរកិច្ច” និង “កិច្ចសន្យាផលិតកម្មកសិកម្ម” ដើម្បីផ្សារភ្ជាប់កសិករ និងផលិតករ ជាមួយទីផ្សារពិតប្រាកដ ជាពិសេសផ្លាស់ប្តូរពីការផលិតតាមគ្នា ឬលឺតាមគេថា មកជាការផលិតតាមតម្រូវការទីផ្សារជាក់ស្តែង» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះ បេក្ខជនតំណាងរាស្ត្រ បានបកស្រាយជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ និងបានថ្លែងនូវសារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងតែងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ លោកប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕