(មណ្ឌលគិរី)៖ ព្រះសង្ឃគង់ចាំព្រះវស្សា វត្តអារាមចំនួន២៧វត្តទូទាំងខេត្តមណ្ឌលគិរី ត្រូវបានលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនជូនព្រះសង្ឃ​ ក្នុងខេត្តមណ្ឌលគិរី។ ពិធីនេះត្រូវបានប្រព្រឹត្តទៅ នៅវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក ស្វាយ សំអ៊ាង បានថ្លែងថា ការនាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ មកប្រគេនព្រះសង្ឃនេះ ត្រូវបានធ្វើឡើងនៅគ្រប់វត្តអារាមនៅទូទាំងខេត្តមណ្ឌលគិរី ពីព្រោះព្រះសង្ឃ មិនអាចនិមន្តចេញទៅបិណ្ឌបាតនៅទីណាបានទេ ក្នុងរយៈពេលបីខែនេះ។

លោកបានបន្តថា ពិធីបុណ្យចូលព្រះវស្សានេះ ពុទ្ធបរិស័ទតែងតែនាំយកទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាការចែករំលែកនូវការខ្វះខាតរបស់ព្រះសង្ឃនៅក្នុងវត្តអារាម និងការលើកតម្កើងប្រជាពលរដ្ឋឲ្យចេះធ្វើបុណ្យទានឲ្យបានច្រើន ដើម្បីចូលរួមចំណែកការកសាង សមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យមានរីកចម្រើនរុងរឿងផងដែរ។

អភិបាលខេត្តមណ្ឌលគិរី ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបន្តថែរក្សា ជំនឿ ប្រពៃណី ទំនៀមទម្លាប់ និងសមិទ្ធផលនានាគ្រប់វិស័យ ដែលបានកសាងកន្លងមកនេះ ឲ្យបានយូរអង្វែងជាបន្តទៀត។

គួរបញ្ជាក់ថា ទេយ្យទានដែលបាននាំយកមកប្រគេនព្រះសង្ឃទាំងចំនួន២៧វត្តនេះ រួមមាន៖ ទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនផងដែរ សម្រាប់វត្តទាំងអស់នារដូវវស្សានេះទូទាំងខេត្ត៕