(ភ្នំពេញ)៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានឲ្យដឹងថា ឆមាសទី១ (៦ខែ) ឆ្នាំ២០១៨នេះ ចំណូលពីការប្រមូលពន្ធដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានប្រមាណ ៤,៧៣៦ប៊ីលានរៀល ស្មើនឹងប្រមាណ ១,១៧២លានដុល្លារអាមេរិក។ តួលេខចំណូលនេះស្មើនឹងប្រមាណ ៥៦,៧% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។

លោក គុណ ញឹម បានថ្លែងបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៨។ លោក គុណ ញឹម បានថ្លែងឲ្យដឹងថា បើធៀបឆមាសទី១ ឆ្នាំ២០១៧ ចំណូលពីការប្រមូលពន្ធគយ និងអាករផ្សេងៗក្នុងរយៈពេល៦ខែឆ្នាំ២០១៨នេះ កើនឡើងប្រមាណ ២៧,៨%។ ក្នុងនោះចំណូលពីមុខទំនិញយានយន្តមានកំណើន ៤០,៥%, មុខទំនិញប្រេង និងថាមពលកើនឡើង ១០,៥%, គ្រឿងសំណង់កើនឡើង ២៦,៦% និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន២៧%។

ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បានបន្ថែមថា ប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយមានពន្ធគយ (ពន្ធនាំចូល), អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ ការប្រមូលពន្ធគយមានកំណើនជិត ១៦%, អាករពិសេសមានកំណើន ៣៩,៤% ហើយ VAT មានកំណើន ២៧%។ ដោយឡែកតួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០១៨ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ តម្លៃនាំចូលសរុបមានកំណើន ១៧%, តម្លៃនាំចេញសរុបមានកំណើនជាង ៧% ក្នុងនោះតម្លៃផលិតផលកាត់ដេរនាំចេញកើនឡើងជិត ១៣% និងតម្លៃផលិតផលស្រូវ និងអង្ករកើនឡើង ៥៣%។

«កំណើនពាណិជ្ជកម្មអន្តរជាតិ និងកំណើនចំណូលពន្ធ និងអាករគយ ដែលសម្រេចបានក្នុងកម្រិតខ្ពស់គួរឲ្យកត់សម្គាល់នេះ គឺដោយសារកត្តាមួយចំនួន ដែលក្នុងនោះកត្តាសំខាន់ គឺស្ថេរភាពនយោបាយក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះគាំទ្រ និងធានាប្រក្រតីភាព នៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម នសេវាកម្ម និងការប្រើប្រាស់ជាទូទៅ ដែលប្រការទាំងនេះ បានជំរុញឲ្យមានកំណើនការនាំចូលមុខទំនិញផ្សេងៗ ឆ្លើយតបនឹងតម្រូវការនិងការផ្គត់ផ្គង់ក្នុងស្រុក»។ លោក គុណ ញឹម បានគូសបញ្ជាក់។

ក្នុងកិច្ចប្រជុំនោះ លោកអគ្គនាយកក៏បានលើកឡើងអំពីលទ្ធផលល្អនៃការអនុវត្តការងារកំណែទម្រង់និងទំនើបកម្មគយនិង ផែនការសកម្មភាពឆ្នាំ២០១៨ ផងដែរ។ ក្នុងនោះ មានការពង្រឹងប្រសិទ្ធិភាពការងារបច្ចេកទេសគយ, ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អភិបាលកិច្ចល្អទាំងក្នុងអង្គភាពគយ និងទាំងក្នុងវិស័យឯកជនជាដើម។

សម្រាប់ទិសដៅអនុវត្តការងារក្នុងឆមាសទី២ ឆ្នាំ២០១៨ ប្រតិភូរាជរដ្ឋាភិបាល បានរំលឹកឡើងវិញនូវការណែនាំទាំង៨ចំណុចរបស់លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានលើកឡើងនាកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០១៧ កាលពីខែមករា កន្លងទៅនេះ។ ទន្ទឹមនឹងនោះលោកអគ្គនាយក ក៏បានដាក់ចេញវិធានការជាក់លាក់មួយចំនួន ដើម្បីឈានទៅសម្រេចឲ្យបានតាមគោលដៅនានា ដែលបានកំណត់ ជាពិសេសគឺការប្រមូលចំណូលពន្ធ និងអាករចូលថវិកាជាតិ ឲ្យបានគ្រប់និងលើសផែនការ៕