(កណ្ដាល)៖ ​លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាលជាមួយ សមាជិក សមាជិកាគ្រួសារបក្ស នៅ​ឃុំកោះធំ «ខ» ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីសមាជិក សមាជិកា គ្រួសារបក្ស ប្រមាណ​៣០០នាក់។

ថ្លែងទៅកាន់គ្រួសារ សមាជិក សមាជិកាបក្សនាពេលនោះ លោក ស៊ុន ចាន់ថុល ​ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំ​របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យ ជាពិសេស​នៅស្រុកកោះធំ​នេះតែម្ដង ផ្លូវថ្នល់ ស្ពាន វត្តអារាម សាលារៀន ទីលានកីឡាជាដើម ត្រូវបានកសាង ពង្រីក និងប្ដូរពីផ្លូវក្រាលគ្រួស ទៅជាផ្លូវកៅស៊ូ ឬផ្លូវក្រាលបេតុង។​

លោកប្រធានគណៈអចិន្ត្រៃយ៍ បានបន្តថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការផ្លាស់ប្ដូរ គឺផ្លាស់ប្ដូរពីសង្គ្រាមមកសុខសន្តិភាព ផ្លាស់ប្ដូរពីផ្លូវដីមកផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ផ្លាស់ប្ដូរពីស្ពានឈើមកស្ពានថ្ម ផ្លាស់ប្ដូរពីជិះកង់មកជិះម៉ូតូ ឬឡាន ពោលគឺខុសគ្នាពីគណបក្សផ្សេង ដែលចង់ផ្លាស់ប្ដូរពីសុខសន្តិភាពទៅសង្គ្រាម ផ្លាស់ប្ដូរពីស្មារតីសាមគ្គីស្នេហាជាតិ ទៅជាការរើសអើង។

បន្ថែមពីនេះ លោកក៏បានអំពាវនាវឲ្យក្រុមអ្នកឈរថា អ្នកឈរមើល និងអ្នកទិតៀន ផ្លាស់ប្ដូរពីបក្សសន្យាខ្យល់ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកធ្វើពិត អ្នកអភិវឌ្ឍពិត និងអ្នកបម្រើពិត ដើម្បីផ្លាស់ប្ដូរប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ សំបូរសប្បាយ រុងរឿង និងសន្តិភាព។

បើតាម លោក ស៊ុន ចាន់ថុល មានគណបក្សប្រជាជនកម្ពុជា មានសន្តិភាព ទើបមានការផ្លាស់ប្ដូរមុខមាត់ និងជីវភាពរបស់បងប្អូនអ្នកកោះធំពីផ្ទះឈើ មកផ្ទះថ្ម និងផ្លាស់ប្ដូរពីគ្មានទូរសព្ទប្រើមកមានទូរសព្ទប្រើគ្រប់ៗគ្នា។​ ដូចនេះដើម្បីបន្តការផ្លាស់ប្ដូរប្រកបដោយវិជ្ជមាន លោកបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋអ្នកកោះធំទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០៕