(ភ្នំពេញ)៖ ​គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ក្រោមអធិបតីភាពលោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជា ​ចុះជួយខណ្ឌដង្កោ និងជា​ប្រធានក្រុមការងារចុះជួយ សង្កាត់ព្រែកកំពឹស នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។

ក្រោមការចុះពង្រឹងមូលដ្ឋានរបស់លោក រ័ត្ន ស្រ៊ាង ក្នុងឆ្នាំ២០១៨នេះ ​គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស បានទទួលសមាជិកថ្មី ដែលប្តូរចិត្តពីការគាំទ្របក្សដ៏ទៃ ចំនួន៤១២នាក់ ក្នុងនោះ​ភាគច្រើនស្ទើរតែទាំងអស់ គឺជាសមាជិកមកពីអតីតគណបក្សសង្គ្រោះជាតិ។

លោក រ័ត្ន ស្រ៊ាង បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គណបក្សប្រជាជនកម្ពុជា តែងបើកទ្វារស្វាគមន៍ជានិច្ច ចំពោះការចូលរួម​ក្នុងជីវភាពនយោបាយ របស់​ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាជាខ្មែរតែមួយ ជួយកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន មានការអភិវឌ្ឍ​ និងមាន​សន្តិភាពពេញលេញ។

បើតាមលោក រ័ត្ន ស្រ៊ាង គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជា​សត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្សខ្លះនោះដែរ ផ្ទុយទៅវិញ គឺមានតែបង្រួបបង្រួមគ្នា កសាងប្រទេស​ឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងតែប៉ុណ្ណោះ ហើយការចូលរួមជីវភាព នយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា របស់សមាជិកថ្មីក្នុងថ្ងៃនេះ គឺជាសញ្ញានៃការរួបរួមសាមគ្គី របស់ប្រជាជាតិខ្មែរតែមួយ ដែលមានភាសារ​, អក្សរ​, ទំនាមទម្លាប់ ប្រពៃណីដូចគ្នា មានអធិបតេយ្យពេញលេញជាប្រទេសនីតិរដ្ឋ និងមានមេដឹកនាំប្រកបដោយ បញ្ញាញាណ ឈ្លៀសវៃមានគុណធម៌ និងមានទស្សនវិស័យវែងឆ្ងាយ នោះគឺសម្តេច​តេជោ ហ៊ុន សែន។

ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវដឹកនាំ សមាជិកបក្សក៏ដូចជាក្រុមគ្រួសារ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីគាំទ្រ​សម្តេច​​តេជោ ហ៊ុន សែន ធ្វើជានាយក​រដ្ឋមន្ត្រី បន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍន៍ ក្រោមដំបូលសន្តិភាពជារៀងរហូត។

ក្រោយចប់កម្មវិធី លោក រ័ត្ន ស្រ៊ាង បានបន្តដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង០២ ក្នុងសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និង​វត្តកែវមុនី បំពេញកិច្ចប្រតិបត្តិជា ពុទ្ធសាសនិក ចំពោះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕​