(បន្ទាយមានជ័យ)៖​ លោក កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ​ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន អញ្ជើញបន្តជួបសំណេះសំណាល​ជាមួយសមាជិក​ សមាជិកា​ ពីឃុំតាថូ​ សារង្គ​ ផ្គាំ​ និងឃុំស្បូវ​ ស្រុកស្វាយចេក​ ដែលមានអ្នកចូលរួមជាង៣,០០០នាក់​។

ក្នុងឱកាសនោះ​ លោក​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន​ សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ប្រធានគណបក្ស និងសម្ដេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងជាប្រធានកិត្តិយសគណបក្ស​។

​លោក​ កែ​ គឹមយ៉ាន​ បានបន្ថែមថា​ គណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់គោលនយោបាយ ប្រែក្លាយតំបន់អតីតសង្គ្រាមទាំងអស់ ទៅជាទីផ្សារ និងការអភិវឌ្ឍ ហើយបច្ចុប្បន្នតំបន់អតីតសមរភូមិសង្គ្រាមជាច្រើន បាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍​ និងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ បានកសាងផ្លូវថ្នល់​ មន្ទីរពេទ្យ​ ពិសេសការដាក់ពង្រាយសាលារៀន​ រោងចក្រ​ ដល់មូលដ្ឋានដើម្បីបណ្តុះបណ្តាលធនធានមនុស្ស​ និងផ្តល់ឱកាសការងារ បានកាន់តែច្រើន​ កាន់តែជិត​ និងកាន់តែងាយស្រួល​បន្ថែមទៀត។

ជាមួយគ្នានេះ​ លោក កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក​ សមាជិក​​ទាំងអស់ នៃមហាគ្រូសារអ្នកបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន​ គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោត គាំទ្របន្តទៀត នៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត ស្រួលគូស​ ដើម្បីសម្តេចតេជោ ហ៊ុន​ សែន​ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែរីកចម្រើនខ្លាំងក្លា​ បន្តមិនយកពន្ធលើដីស្រែ និងការលក់ដូរកញ្ច្រែងកញ្ជើល្អី​​។

ភ្ជាប់ជាមួយនឹងសុទ្ធាជ្រះថ្លា​ ​លោក កែ​ គឹមយ៉ាន​ និងលោកស្រី​ ម៉ៅ​ ម៉ាល័យ​ បានបន្តចូលរួមកសាងវត្តចំនួនពីរ ​វត្តប្រាសាទភាស​ ប្រក់ដំបូលព្រះវិហារទាំងស្រុង​ ព្រមទាំងប្រគេនស៊ីម៉ង់១០តោន​ និងបច្ច័យកសាង៥លានរៀល​ និងវត្តផ្លាស់កង់​ ប្រគេនស៊ីម៉ង់១០តោន​ និងបច្ច័យកសាង៥លានរៀល​ ចូលរួមកសាងព្រះវិហារ៕