(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ គ្រប់បណ្តាមូលដ្ឋានប្រទេសកម្ពុជា បានរៀបចំពិធីអបអរសាទរដល់ ខួប១០ឆ្នាំ និង១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នៅក្នុងឱកាសប្រារព្ធពិធីនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកអំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការទទួលបានជោគជ័យខាងលើនេះ ហើយសម្តេចបានបានប្តេជ្ញា កែប្រែកម្ពុជាដែលរងគ្រោះដោយសង្រ្គាម ទៅជាទីផ្សារ និងការអភិវឌ្ឍ។ បច្ចុប្បន្ន​តំបន់អតីតសមរភូមិសង្គ្រាមជាច្រើន បាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ អតីតព្រះមហាក្សត្រគ្រប់ជំនាន់ ដែលបានប្រឹងប្រែងសាងសង់បន្សល់ប្រាង្គប្រាសាទយ៉ាងច្រើនសម្រាប់កម្ពុជា និងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចបានថ្លែងគោរពអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ ព្រះករុណ ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើដាក់ប្រាសាទទាំងពីរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សម្តេចបានប្រកាសថា នឹងប្រឹងប្រែងជំរុញ ការដាក់ប្រាង្គប្រាសាទរបស់កម្ពុជាដទៃទៀត ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំណរគុណដល់ក្រុមការងារសម្តេចវិបុលបញ្ញា សុខ អាន ដែលបានប្រឹងប្រែងរៀបចំដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នយោបាយសាងសន្តិភាព តាមព្រំដែនជាមួយប្រទេសជិតខាងជានយោបាយដ៏ចាំបាច់មួយ សម្រាប់កសាងជាតិ និងជីវភាពប្រជាពលរដ្ឋ។ជាពេលវេលាដ៏លំបាកបំផុតកាលពី១០ឆ្នាំមុន ព្រោះតែការកើតឡើងនូវអរិភាពជាមួយប្រទេសថៃចំពេលដែលកម្ពុជារៀបចំដំណើរការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានដាក់ចេញយន្តការ៣យ៉ាងបានដាក់ចេញព្រមៗនៅក្នុងពេលនោះ។ យន្តការនោះរួមមាន៖ ១. កម្រិតឲ្យកងទ័ពនៅទ្រឹង, ២. ប្រើប្រាស់ការទូតបើកទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង ៣. តុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីបកស្រាលក្រមទីក្រុងឡាអេឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីជម្លោះព្រំដែនជាមួយថៃ កាលពីអតីតកាលនោះ គឺបានផ្តល់ជាពិសោធន៍យ៉ាងច្បាស់ថា ការកសាងសន្តិភាព ទំនាក់ទំនង និងសហប្រតិបត្តិការនៅតាមព្រំដែន នៅតែជាបញ្ហាដ៏សំខាន់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានគាំទ្រចំពោះរាជរដ្ឋាភិបាលលើបញ្ហាវប្បធម៌ជាពិសេសនៅពេលប្រាសាទព្រះវិហារ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រជាពលរដ្ឋបានទូងស្គ វាយឃ្មោះ វាយពោត វាយចាន...។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការជោគជ័យណាមួយដោយគ្មានការចូលរួមនោះឡើយ។ ការចូលរួមរបស់ប្រជាពលរដ្ឋបានក្លាយទៅជាឃឿនការពារសម្បត្តិវប្បធម៌ជាតិ ហើយក៏ជាឃឿនការពារជាតិកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរួមគ្នារក្សាឲ្យបាននូវស្នាដៃ ដែលជាកេរមរតករបស់បុព្វបុរសខ្មែរ៕