(ភ្នំពេញ)៖ ត្រឹមតែរយៈពេល៦ខែឆ្នាំ២០១៨ អត្រានៃការប្រើប្រាស់ប្រាក់រៀល បានកើនឡើងគួរឲ្យកត់សំគាល់ គឺកើន២២% បើប្រៀបធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានត្រឹមតែ១៨%តែប៉ុណ្ណោះ។

យោងតាមរបាយការណ៍ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨​នេះ បានឲ្យដឹងទៀតថា ការកើនឡើងនៃប្រាក់រៀលយ៉ាងឆាប់រហ័សនេះ គឺមកពីប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រាក់រៀល នឹងបន្ដចាយប្រាក់រៀល។ ការកើនឡើងនេះ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកដោយបរិយាប័ន្ដ។

លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា បានចូលរួមរក្សា ស្ថិរភាពថ្លៃ ដោយបានអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកដោយភាពប្រុងប្រយ័ត្ន ស្របតាមការវិវត្តទីផ្សារជាមួយការពង្រឹងប្រសិទ្ធភាព នៃគោល​នយោបាយរូបិយវត្ថុជាលំដាប់។ ជាក់ស្ដែងការផ្គត់ផ្គង់រូបិយវត្ថុនៅក្នុងសេដ្ឋកិច្ច មានកម្រិតសមស្រប ដោយរក្សាអត្រាប្ដូរប្រាក់ឲ្យមានស្ថិរភាព។

លោកបានបន្ដទៀតថា ការរក្សាស្ថិរភាពប្រាក់រៀល បានចូលរួមចំណែករក្សាជំនឿចិត្ត របស់សាធារណៈជនមកលើប្រាក់រៀល តែទោះជាយ៉ាងណា​ការបន្ដលើកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅតែបន្ដឲ្យកាន់តែទូលំទូលាយ ហើយនេះជាកត្តាចាំបាច់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត​គោលនយោបាយរូបិយវត្ថុ។

លោកបានបញ្ជាក់ទៀតថា ទន្ទឹមនេះ ប្រជាជនពេញវ័យដែលបានទទួល សេវាហិរញ្ញវត្ថុបានកើនឡើងដល់ ៥៧% នៃប្រជាជនពេញវ័យសរុប ដែលគាំទ្រ ជាចម្បងដោយវិស័យមីក្រូហិរញ្ញវត្ថុ និងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ដើម្បីបន្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ការត្រួតពិនិត្យ និងបទប្បញ្ញត្តិក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ពិសេសលើការពង្រឹងភាពរឹងមាំនៃដើមទុន សន្ទនីយភាព និងការគ្រប់គ្រងហានិភ័យជាប្រព័ន្ធនានា ទន្ទឹមនឹងការពង្រឹងកិច្ចការពារអតិថិជន។

ក្នុងនោះដែរលោក ជា ចាន់តូ បានបង្ហាញពីមោទនភាព ចំពោះវិស័យធនាគារ ដែលកំពុងដើរតួស្នូលក្នុងការគាំទ្រ កំណើនសេដ្ឋកិច្ច ក្នុងរយៈពេល២០​ឆ្នាំនេះ ការរួមចំណែកត្រូវបានធ្វើឡើង តាមរយៈការផ្ដល់សេវាហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនសហគា្រស និងប្រជាពលរដ្ឋ ដើម្បីបង្កើត​ ពង្រីកសកម្មភាពសេដ្ឋកិច្ច ដែលបានរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារលើកម្ពស់សមធម៌ និងប្រសិទ្ធភាព៕