(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចុះសំណាលសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណជាង១ពាន់ នៅក្នុងឃុំបាកាម ស្រុកព្រៃកប្បាស់ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ ២០១៨នេះ លោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារ គណបក្សប្រជាជចកម្ពុជា ចុះជួយស្រុកព្រៃកប្បាស់ បានថ្លែងថា កន្លងមានការចោទប្រកាន់ទាំងងងើលពីសំណាក់ពួកក្រុមប្រឆាំងផ្កាប់មុខ ដោយបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាបានខ្ចីលុយបរទេសជាច្រើនលានដុល្លារ ដែលនាំឱ្យកូនខ្មែរជំពាក់លុយបរទេសវ័ណ្ឌក នេះជាការចោទប្រកាន់មិនត្រឹមត្រូវ និងជាការឃោសនា បែបចិត្តសាស្រ្ត ក្នុងការកេញយកចំណេញនយោបាយតែប៉ុណ្ណោះ។

លោកបណ្ឌិត ពេជ សោភ័ន បានបន្តថា «មានប្រទេសធំៗជាច្រើន នៅលើពិភពលោក ដែលជំពាក់លុយគេច្រើនជាងកម្ពុជា រាប់សិបដង។ ដូចជានៅអាមេរិក ពលរដ្ឋអាមេរិកម្នាក់ៗ ឬកូនក្មេងអាមេរិក គ្រាន់តែកើតមានមកភ្លាម គឺជំពាក់គេចំនួនជាង៥ម៉ឺនដុល្លារ ពលរដ្ឋបារាំងម្នាក់ៗ ជំពាក់គេជាង៨ម៉ឺនដុល្លា ពលរដ្ឋអាល្លឺម៉ង់ម្នាក់ៗ ជំពាក់គេជាង៦ម៉ឺនដុល្លា ពលរដ្ឋជប៉ុនម្នាក់ៗ ជំពាក់គេជាង២ម៉ឺនដុល្លា ចំណែកឯប្រទេសក្បែខាងកម្ពុជា គឺប្រទេសថៃ ពលរដ្ឋថៃម្នាក់ៗ ជំពាក់លុយបរទេសប្រមាណជិត២ពាន់ដុល្លា រីពលរដ្ឋប្រទេសឡាវម្នាក់ៗ ជំ​ពាក់លុយគេជាង២ពាន់ដុល្លា ចំណែកប្រជាពលរដ្ឋកម្ពុជាយើងវិញ គឺម្នាក់ៗជំពាក់លុយ គេតែប្រមាណ៦៤៩ដុល្លារតែប៉ុណ្ណោះ»

លោកបណ្ឌិត ពេជ សោភ័ន បានបន្តថា ទឹកប្រាក់ដែលរាជរដ្ឋាភិបាកម្ពុជាខ្ចីពីបរទេស ឬពីស្ថាប័នអន្តរជាតិ គឺយកមកកសាងហេថារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាននិងកសាងអភិវឌ្ឍន៏លើវិស័យជាច្រើនទៀត។ ការខ្ចីប្រាក់បរទេសយកមកកសាង និងអភិវឌ្ឍន៍ប្រទេស គឺក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋជាអ្នកទទួលបានផ្លែផ្កាពីការអភិវឌ្ឍន៍ទាំងអស់នេះ ម្យ៉ាងទៀតមុន និងរាជរដ្ឋាភិបាលកម្ពុជាខ្ចីលុយពីបរទេស គឺរាជរដ្ឋាភិបាល បានធ្វើការគិតពិចារណាយ៉ាងល្អិតល្អន់ពីផលវិបាកនានា ពោលគឺយើងខ្ចីប្រាក់គេទៅតាមកំណើនសេដ្ឋកិច្ចលូតលាស់របស់កម្ពុជាយើង ដែលយើងសមត្ថភាពសងប្រាក់ត្រលប់ទៅគេវិញ។

បើតាមលោកបណ្ឌិត ពេជ សោភ័ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចប្រទេស មានការកើនឡើងជាង៧ភាគរយ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណជាង៩០ភាគរយ មានការងារធ្វើ អាត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋ កាន់តែត្រូវបានកាត់បន្ថយ ហើយនៅពេលដែលគណបក្សប្រជាជនកម្ពុ ជាបន្តឈ្នះឆ្នោត និងដឹកនាំរាជរដ្ឋាភិបាលតទៅទៀតនោះ មន្រ្តីរាជការ បងប្អូនកម្មក កម្មាការរីនី និងប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទទួលបានផ្លែផ្កាកាន់តែច្រើនឡើងថែមទៀតជាក់ជាពុំខាន៕